រាជធានីភ្នំពេញ ៖ ប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីវេលាម៉ោង០៩និង១១នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ តាមរយៈលេខទូរសព្ទបន្ទាន់ «១២៩១» ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីលួចទូរសព្ទចំនួន ០២គ្រឿង ចេញពីចំណុចស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ អោយដឹងបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថសែនសុខ បានចុះដល់ទីតាំងកើតហេតុសហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវ និងពួនស្ទាក់ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ សែម ចំណាន ភេទប្រុស អាយុ៤៥ឆ្នាំ ខណៈដែលកំពុងតែយកទូរសព្ទ ដែលខ្លួនបានលួច អោយជាងជួយដោះ ICloud និងជើងថ្មចេញ នៅចំណុចផ្លូវ២០០២ ភូមិ ស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ។
វត្ថុតាងចាប់យក រួមមាន ៖ ១-ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភព 1Y-4941, ២-ទូរសព្ទ ចំនួន០២គ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត របស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាព, ៣.ទូរសព្ទដៃរបស់ជនរងគ្រោះ ចំនួន ០២គ្រឿងម៉ាក iphone13pro Max (បានប្រគល់ជូនម្ចាស់ដើមវិញ) ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ អោយដឹងបន្ថែមទៀតថា ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរសព្ទរបស់ជនរងគ្រោះ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ