ខេត្តបាត់ដំបង ៖ រថយន្តម៉ាកកាមរី ស៊េរីចាស់មួយគ្រឿង ដែលមានដឹកត្រីយ៉ាងណែនផង ត្រូវភ្លើងឆាបឆេះអស់មួយចំហៀង ខណៈពេលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥ ដល់ត្រង់ចំណុចភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ដែលគេសង្ស័យបណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តនោះខាងលើ ចង្កូតស្ដាំ ពាក់ស្លាកលេខប៉ៃលិន 2A-0332 បើកបរដោយបុរសម្នាក់ ឈ្មោះជឹម សុភ័ក្រ អាយុ៤០ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។ សមត្ថកិច្ចបានប្រាប់ថា រថយន្តនេះ មានដឹកត្រីមកពីព្រំដែនខ្មែរ-ថៃ ឆ្ពោះទៅក្រុងបាត់ដំបង ។ លុះមកដល់ចំណុចខាងលើ ស្រាប់តែបង្កជាអគ្គិភ័យឆាបឆេះរថយន្តហុយទ្រលោម ផ្អើលអស់អ្នកដំណើរតាមផ្លូវតែម្ដង។
បើតាមការសួរនាំពីម្ចាស់រថយន្តឈ្មោះជឹម សុភ័ក្រ បាននិយាយប្រាប់សមត្ថកិច្ចថា រថយន្តខ្លួនទំនងជាឆ្លងប្រព័ន្ធភ្លើង ទើបសុខៗបង្កជាអគ្គិភ័យបែបនេះ។ អគ្គិភ័យនេះ បានធ្វើឱ្យខូចខាតរថយន្តមួយចំហៀងកន្លែងដែលអ្នកបើក។
រីឯត្រីក៏ឆ្អិនរហូតដល់ខ្លោចអស់មួយចំនួនដែរ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។ ទោះយ៉ាងណានៅក្នុងឧប្បតិហេតុដ៏ចៃដន្បនេះ សមត្ថកិច្ចគ្រាន់តែចុះទៅពីនិត្យនិងសួរនាំប៉ុណ្ណោះ និងបានប្រគល់ឲ្យម្ចស់រថយន្តដោះស្រាយខ្លួនឯង ព្រោះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មមនុស្ស ។
ចែករំលែកព័តមាននេះ