ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចផ្នែកអនុវត្តដីកាដែលដឹកនាំដោយមន្ត្រីអាជ្ញាសាលានៃអយ្យការអមសាលាដំបូងខេត្តបានចុះរឹបអូសយករថយន្ត១គ្រឿង និងត្រាក់ទ័រ១គ្រឿង តាមរយៈការចុះអនុវត្តសាលដីកាតុលាការកំពូលដ៏ចម្រោងចម្រាសមួយ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកា លើភាគីដែលចាញ់ក្ដី ដែលស្ថិតនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជាការចុះអនុវត្តលើកទី២ ខណៈការចុះអនុវត្តលើកទី១ កាលពីខែមុនមិនបានសម្រេច ដោយសារ មានការជំទាស់ខ្លាំងពីភាគីចាញ់ក្ដី ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះអនុវត្តសាលដីកាតុលាការកំពូល ដែលដឹកនាំដោយ លោក ញ៉ិប និន អាជ្ញាសាលានៃអយ្យការអមសាលាដំបូងខេត្តនេះ ហាក់ទទួលរងនូវពាក្យតិះដៀល និងការប្រមាថយ៉ាងគ្រោធគ្រាតបំផុតពីក្រុមគ្រួសារនៃភាគីចាញ់ក្ដី ។
សមត្ថកិច្ចបានប្រាប់ថា នៅក្នុងកិច្ចប្រតិបត្តិការចុះអនុវត្តច្បាប់នេះ គឺត្រូវធ្វើឡើងព្រមគ្នា ២ករណីក្នុងសំណុំរឿងតែ១ គឺទី១-កម្លាំងផ្នែកអនុវត្តដីកាត្រូវចុះអនុវត្តដិកាបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិត២នាក់ គឺឈ្មោះ សើ ហ្វារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ សើ វ៉ាន់ឌីអះម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស » ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ មិនា ២០១៤កន្លងទៅ ។
ទី២- ចុះអនុវត្តសាលដីកា តុលាការកំពូលលើសំណុំរឿងដដែលនេះ ដោយរឹបអូសយករថយន្ត និងត្រាក់ទ័រ ក្រោយពីតុលាការសម្រេច ឲ្យភាគីនេះចាញ់ក្ដី ជាបន្តបន្ទាប់ចាប់តាំងពីសាលាដំបូងខេត្តរហូតដល់តុលាការកំពូល ។ ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ