រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា ហៅកាត់ថា (SCA)បានធ្វើការសិក្សាទៅលើសក្ដានុពលនៃបណ្ដាខេត្តនានារបស់ប្រទេសកម្ពុជា ដោយលទ្ធផលបានបង្ហាញថា ខេត្តចំនួន៣ គួរតែស្ថាបនាព្រលានយន្ដហោះឡើងវិញ ដោយសារតែខេត្តទាំងនោះនៅឆ្ងាយពីរាជធានីភ្នំពេញ និងកំពុងមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ។
ប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក ពេជ្រ សុប៉ុនតារា បានឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបានជួយសិក្សាពីបណ្តាខេត្តដែលមានសក្តានុពលក្នុងការសាងសង់ព្រលានយន្តហោះនៅទូទាំងប្រទេសរួចហើយ ដោយក្រុមហ៊ុនបានចំណាយលើការសិក្សានេះដោយខ្លួនឯង ។ លោកបន្តថា ៖« ជាលទ្ធផលយើងបានផ្តល់អនុសាសន៍ឲ្យរាជរដ្ឋាភិបាលសាងសង់ព្រលានយន្តហោះក្នុងស្រុកលើខេត្តចំនួន៣ គឺខេត្តបាត់ដំបង ស្ទឹងត្រែង និងខេត្តព្រះវិហារ ប៉ុន្តែមិនមានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ »។ លោកបន្ថែមថា ៖« ខេត្តទាំង៣នេះគួរមានព្រលានយន្តហោះ ដោយសារជាខេត្តមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ ហើយមានសក្តានុពលសេដ្ឋកិច្ចដែលអាចវិនិយោគសាងសង់ ព្រលានយន្តហោះបាន » ។ លោកបញ្ជាក់ថា ៖« បច្ចុប្បន្នក្រុមហ៊ុនគ្រប់គ្រងតែព្រលានយន្តហោះអន្តរជាតិទាំង៣ប៉ុណ្ណោះ ប៉ុន្តែបើសិនជារាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនអាចវិនិយោគសាងសង់ព្រលានក្នុងស្រុកបាន យើងនឹងសិក្សាលម្អិតពីរឿងនេះ »។
លោក ពេជ្រ សុប៉ុនតារា បានបន្តថា ករណីខេត្តស្ទឹងត្រែងជាខេត្តស្ថិតនៅភូមិភាគឦសានដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក តែការធ្វើដំណើរឆ្ងាយ និងចំណាយពេលយូរ។ ហេតុនេះបើមានព្រលានយន្តហោះក្នុងស្រុកជាការប្រសើរបំផុត ។
ចំណែកខេត្តបាត់ដំបង ជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងមានប្រជាជនមានជីវភាពល្អប្រសើរ ហេតុនេះបើសិនជាខេត្តនេះមានព្រលានយន្ដហោះ អាចចុះចតយន្ដហោះក្នុងស្រុកបាន ពិតជាប្រសើរផងដែរ ។ លោកបន្តថា រីឯខេត្តព្រះវិហារវិញ ជាខេត្តមានតំបន់ប្រាសាទ ពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក តែហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទៅកាន់ប្រាសាទនេះ ហាក់មិនទាន់មានភាពល្អប្រសើរ និងសម្រួលការធ្វើដំណើរបានលឿននៅឡើយ ។ ដូច្នេះការសាងសង់ព្រលានយន្តហោះរវាងខេត្តព្រះវិហារ ឬស្ទឹងត្រែងគួរតែជាជម្រើសមួយនាពេលខាងមុខ ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ការមានព្រលានយន្តហោះថ្មី នឹងហុចសក្តានុពលសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ជាពិសេសផ្តល់ឲ្យមានជម្រើសកាន់តែច្រើនថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលអាចហោះហើរត្រង់មកកម្ពុជា ហើយប្រសិនជាព្រលានថ្មីនេះមានស្តង់ដាអន្តរជាតិ វានឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ពង្រីកការហោះហើរមកកាន់ប្រទេសកម្ពុជាថែមទៀត ។ លោកបន្តថា ៖« ខ្ញុំស្វាគមន៍គំរោងវិនិយោគដ៏ល្អនេះ ដែលវានឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញទេសចរមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត »។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ បានសិក្សាពីសក្តានុពលពីបណ្តាខេត្តនៅភូមិភាគឦសាន ជាលទ្ធផលការសិក្សាបានមើលឃើញខេត្តស្ទឹងត្រែង ជាខេត្តមានសក្តានុពលជាងគេ ដើម្បីរៀបចំសាងសង់ព្រលានយន្តហោះកម្រិតតំបន់ ។ ប៉ុន្តែរហូតមកទល់ពេលនេះ គម្រោងនេះបានស្ងប់ស្ងាត់ទៅវិញ ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា កន្លងមកតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកគម្រោងវិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែង ដាក់បញ្ចូលក្នុងកញ្ចប់នៃគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ចិនដែរ និងអាចអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនវិនិយោគ បើសិនជាពួកគេចាប់អារម្មណ៍ ។ ទោះយ៉ាងណា លោកថា ៖« រហូតមកទល់ពេលនេះ គម្រោងសាងសង់ឡើងវិញនូវព្រលានយន្តហោះខេត្តស្ទឹងត្រែង មិនទាន់មានពន្លឺអ្វីនៅឡើយទេ »។
គួរកត់សម្គាល់ថា រយៈពេល៥ឆ្នាំចុងក្រោយនេះ កំណើននៃការធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើងជាបន្ដបន្ទាប់ ។ ក្នុងឆ្នាំ២០១៧ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន៨លាននាក់ បើធៀបនឹងឆ្នាំ២០១៦ មានចំនួន៧លាននាក់ ។ ដោយឡែកនៅឆ្នាំ២០១៨នេះ កម្ពុជានឹងស្វាគមន៍អ្នកដំណើរតាមផ្លូវអាការចំនួន១០លាននាក់ ៕
ចែករំលែកព័តមាននេះ