ខេត្តកំពត ៖ ពស់ថ្លាន់មួយក្បាលទម្ងន់2គីឡូប្រវែង1ម៉ែត្រ3តឹក ត្រូវបានប្រជាពលរដ្ឋដាក់មងក្នុងបឹងមួយ ស្រាប់តែចាប់បានតែម្តង កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ។
បើតាមប្រជាពលរដ្ឋឈ្មោះ ពៅ លៀម ភេទប្រុស ដែលចាប់បានពស់ថ្លាន់នោះនិយាយថា ថ្វីត្បិតតែពស់ថ្លាន់នោះតូចមែន ប៉ុន្តែពេលគាត់ចាប់បានពស់ថ្លាន់នោះពិតជាមានអារម្មណ៍មួយភ័យខ្លាច។ ពស់ថ្លាន់នេះ ជាប់ក្នុងមងគាត់កាលពីព្រឹកថ្ងៃទី6 វិច្ឆិកា។
លោកពៅ លៀម និងប្រពន្ធគាត់បានអុចធូបបែរបន់សុំសេចក្ដីសុខពីពស់ថ្លាន់ថា គ្រួសារគាត់គ្មានបំណងអាក្រក់ទេ បើក្រៅពីគ្រួសារគាត់ប្រហែលគេយកធ្វើម្ហូប ឬយកទៅលក់បាត់ទៅហើយ។
លោកពៅ លៀម និយាយបន្តថា ឃើញមនុស្សជាច្រើននាក់ដែលចាប់បានសត្វព្រៃ គឺច្រើនតែនាំទុក្ខគ្រោះអាក្រក់ដល់អ្នកដែលចាប់បាន។ ដូច្នេះទាំង២នាក់ប្ដីប្រពន្ធបានលាបក្រមួន ប្រេង ម្សៅដល់ពស់ថ្លាន់ ហើយក៏ដឹកពស់ថ្លាន់នោះមកកាន់សាលាស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី8 វិច្ឆិកា តែម្តង។
បើតាមការបង្ហាញហេតុផលរបស់លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ឱ្យយកពស់ថ្លាន់មួយក្បាលនេះមកលែងក្នុងបឹងមួយជាប់ភ្នំរម្មណីដ្ឋានទេសចរណ៍ស្រុកកំពង់ត្រាច អាចរួចផុតពីអ្នកប្រើឧប្បករណ៍ឆក់។
ចែករំលែកព័តមាននេះ