ខេត្តស្ទឹងត្រែង ៖ ព្រឹកថ្ងៃទី៣០ តុលា ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានកាលពីថ្ងៃទី២៩ តុលា ។
ប្រភពព័ត៌មានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ តុលា កម្លាំងនគរបាលការិយាល័យ គ.៨ នៃមន្ទីរប្រឆាំងការជួញដូរគ្រឿងញៀនក្រសួងមហាផ្ទៃរួមសហការកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានបង្ក្រាបជំនួញគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ក្រោមវិធានញុះញង់ឲ្យមានការទិញលក់នៅចំណុចវាលប៉ារ៉ាស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដោយបានចាប់ខ្លួនបុរសម្នាក់និងរឹបអូសសារធាតុញៀនមេតំហ្វេតាមីន ឬម៉ាទឹកកក(ice)ចំនួន៥កញ្ចប់ធំ ។
ប្រភពដដែលបន្តថា ក្រោយការចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងជាក់ស្តែង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងសហការខាងលើបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរប្រភពដែលឃុបឃិតពីក្រោយខ្នងនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើធ្វើឡើង ដោយកម្លាំងការិយាល័យ គ.៨ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុឹង ហាវ លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និងលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប បៀ ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិកររស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ។
នៅព្រឹកទី៣០ តុលា កម្លាំងនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនបង្ហាញជនសង្ស័យនៅចំពោះមុខវត្ថុតាងដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងនិងក្រឡាបញ្ជី ព្រមទាំងហែកកញ្ចប់ដកសំណាកធ្វើតេស្តរកសារធាតុញៀន ។ ក្រោយធ្វើតេស្តបានបង្ហាញថា ជាប្រភេទសារធាតុញៀនមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា (ice) ចំនួន៥កញ្ចប់ធំ ដែលទម្ងន់សរុបប្រមាណ៥គីឡូក្រាម ។
ប្រភពក្រៅផ្លូវការបានលើកឡើងថា យោងទៅលើស្ថានភាពរូបរាងជនសង្ស័យគឺមិនមែនជាបុគ្គលមានលុយរាប់មឺុនដុល្លារ សម្រាប់ជួញដូរសារធាតុញៀនដ៏ច្រើនសន្ធឹកនេះទេ តែគឺជាអ្នកសីុឈ្មួលកាន់គ្រឿងញៀន ទៅប្រគល់ឲ្យគេតែប៉ុណ្ណោះ ។
ចំណុចព្រំដែនកម្ពុជាឡាវ មានច្រកព្រំដែនពីរ ដែលមួយជាច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលនិងច្រកមួយទៀតជាច្រករបៀងវើុនខាម ដែលមានបារ៉ាស់ត្រួតពិនិត្យត្រឹមត្រូវ តែចំពោះការលួចរត់ពន្ធគ្រឿងញៀនចេញពីប្រទេសឡាវ បច្ចុប្បន្នគឺឧក្រិដ្ឋជនរត់ពន្ធតាមព្រៃ ដោយសារស្ថានភាពបន្ទាត់ព្រំដែនជាប់ប្រទេសឡាវជាតំបន់ព្រៃ ហើយពុំទាន់មានផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែន និងកម្លាំងការពារឈរជើងគ្រប់ចំណុចនៅឡើយ ទើបបង្កភាពងាយស្រួលដល់ការរត់ពន្ធគ្រឿងញៀននេះកើតឡើងមិនឈប់ឈរ
ជនសង្ស័យ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ