ខេត្តស្ទឹងត្រែង ៖ ដោយមានការគាំទ្រកាន់តែច្រើននៅលើទីផ្សារពីសុវត្ថិភាពនៃបន្លែធម្មជាតិ ប្រជាកសិករផលិតបន្លែចម្រុះរបស់គម្រោង «ឆេន»ចំនួន៥៨ក្រុម នៅខេត្តស្ទឹងត្រែង បាននិងកំពុងបង្កើនការផលិតបន្លែធម្មជាតិ គ្មានសារធាតុគីមីកាន់តែច្រើន ដើម្បីផ្គត់ផ្គង់លើទីផ្សារ និងរួមចំណែកកាត់បន្ថយការនាំចូលបន្ថែមពីក្រៅប្រទេស ។
បើតាមអាជីវករលក់បន្ថែនៅផ្សារសាមគ្គីស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្ននេះ បន្លែធម្មជាតិដែលដាំដុះដោយប្រជាកសិករតាមរយៈគម្រោង«ឆេន» ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗជាបន្ដបន្ទាប់ ។
អ្នកស្រី ឡោ គឹមអាន អាជីវកររូបនេះបានបញ្ជាក់ថា ៖« បន្លែធម្មជាតិកាន់តែទទួលបានការគាំទ្រពីបងប្អូនច្រើន ដែលជាកត្តាមួយបានជួយជំរុញឲ្យកសិករកាន់តែបង្កើនផែនការដាំដុះបន្ថែមទៀតដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងរួមចំណែកទប់ស្កាត់បន្លែនាំចូល »។
អ្នកស្រីបន្ថែមថា ៖« បន្លែចម្រុះដែលក្រុមកសិករនៅខេត្តស្ទឹងត្រែងផលិតបាននេះ គឺស្ទើរតែគ្រប់អាជីវករបានទទួលទិញយកមកលក់បន្តនៅលើទីផ្សារ ដោយសារតែមានការគាំទ្រខ្ពស់ និងលក់ដាច់ជាងបន្លែនាំចូលពីប្រវៀតណាម »។ អ្នកស្រីថា ៖« អ្នកទិញឥឡូវ មុននឹងជ្រើសយកបន្លែទៅបរិភោគ ពួកគាត់សួរមុនគេគឺប្រភពដាំដុះ ទើបសម្រេចចិត្តទិញជាក្រោយហើយប្រសិនបន្លែនោះជាបន្លែដាំដោយប្រជាកសិករខ្មែរខេត្តស្ទឹងត្រែង ឬបន្លែដាំដុះជាលក្ខណៈគ្រួុសារ កាន់តែលក់ដាច់បំផុត »។ កសិករនៅឃុំសាមឃួយ ស្រុកសេសាន បានឲ្យដឹងដែរថា នៅក្នុងមូលដ្ឋាននេះ កសិករភាគច្រើនកំពុងរួមគ្នាបង្កើនការផលិតបន្លែឱ្យបានគ្រប់មុខដូចជា ស្ពៃ សាឡាដ ខាត់ណា ត្រកួន សណ្តែកកួរ ននោង ត្រឡាច ត្រប់ ម្រះ ឆៃថាវ ស្ពៃក្តោប ម្ទេសផ្លោក និងត្រសក់ ជាដើម ។
អ្នកស្រី គឹម ស្រ៊ា កសិកររូបនេះបញ្ជាក់ថា ៖« បច្ចុប្បន្ននេះ ការយល់ដឹងពីបន្លែសុវត្ថិភាព កាន់តែកើនឡើងជាបន្ដបន្ទាប់ ដែលធ្វើឲ្យបន្លែដែលយើងដាំដុះដោយមិនប្រើគីមី មានការគាំទ្រច្រើនឡើងៗ ដែលធ្វើឲ្យពួកយើងមានទឹកចិត្តបង្កើនការដាំដុះ ហើយក៏ជាផ្នែកមួយចូលរួមកាត់បន្ថយការនាំចូលបន្លែមកពីខាងក្រៅដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរយកទៅបរិភោគផងដែរ »។
លោក ឃីម ម៉ាឡក ប្រធានក្រុមកសិកដាំបន្លែចម្រុះ បានអះអាងថា ៖« ការដាំដុះបន្លែសរីរាង្គ ដែលស្ថិតក្រោមផ្នែកកសិកម្មនៃគម្រោង«ឆេន» កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ហើយបច្ចុប្បន្ន យើងបានណែនាំឱ្យកសិករបង្កើនការដាំដុះវិលជុំឲ្យបានច្រើនថែមទៀត ដើម្បីឈានទៅដណ្តើមយកទីផ្សា និងទប់ទល់ជាមួយបន្លែនាំចូលពីបរទេសនាពេលបច្ចុប្បន្ន »៕
ចែករំលែកព័តមាននេះ