រាជធានីភ្នំពេញ ៖ បុរសម្នាក់ប្រពន្ធស្តីបន្ទោសរឿងមិនរកការងារធ្វើគិតតែអង្គុយផឹកស្រាខឹងប្រពន្ធខ្លាំងពេកប្រមូលខោអាវ និងសម្ភារក្នុងផ្ទះដុតអស់ ម្ចាស់ផ្ទះភ័យប្តឹងសមត្ថកិច្ចឃាត់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនបង្កឈ្មោះ ហម ហាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងទិញ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ អែម សុភី អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិជាមួយគ្នា មានស្រុកកំណើតនៅស្រុកជាមួយគ្នាដែរតែនៅភូមិផ្សេងគ្នា ។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានអោយដឹងថា នៅមុនពេលកើតហេតុប្តីរបស់គាត់ផឹកស្រាស្រវឹងតាំងពីព្រឹកគាត់បានស្តីបន្ទោសតិចតួចព្រោះគាត់មិនខំរកការងារធ្វើបែរជានៅតែបន្ទប់មិនចេះខ្មាសគេគិតតែផឹកស្រា ធ្វើឲ្យប្តីខឹងគាត់យ៉ាងខ្លាំងពេលនោះគាត់ភ័យពេកខ្លាចប្តីប្រើអំពើហិង្សាក៏បានចេញពីបន្ទប់ ស្រាប់តែប្តីរបស់គាត់បានវាយសម្ភារ និងប្រមូលខោអាវដុតក្នុងបន្ទប់ជួលទើបប្រជាពលរដ្ឋនៅផ្ទះជួលមានការភិតភ័យបាននាំគ្នាដងទឹកមកជួយពន្លត់ភ្លាមៗផងដែរ ។ រីឯប្តីគាត់ពេលដែលភ្លើងរលត់ហើយបានចូលដេកនៅ ក្នុងបន្ទប់ធ្វើប្រងើយដូចមិនដឹងរឿងអ្វី ។
ប្រភពដដែលបានបន្តទៀតថា ខណៈភ្លាមៗនោះដែរម្ចាស់ផ្ទះបានទូរស័ព្ទប្តឹងសមត្ថកិច្ចអោយមកជួយអន្តរាគមន៍ហើយឃាត់បុរសខាងលើយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ខណៈសមត្ថកិច្ចកំពុងបណ្តើរនាំជនបង្កខាងលើចេញពីផ្ទះជួលខាងលើស្រាប់តែមានបុរសម្នាក់គ្រាន់តែដឹងថា ជាអង្គរក្សម្ចាស់ផ្ទះជួលខាងលើបានវាយជនបង្កយ៉ាងធ្ងន់ធ្ងរផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចបាននាំជនបង្កយកទៅសួរនាំបានដឹងថា ជនបង្កខាងលើគឺជាជនសង្ស័យ ដែលធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលចំនួន៥ឆ្នាំមកហើយគឺធ្វើសកម្មភាពប្លន់យកម៉ូតូនៅម្តុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ក្រោយពេលកើតហេតុបន្ទាប់ពីម្ចាស់ផ្ទះបានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៣បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ