រាជធានីភ្នំពេញ ៖ កម្ពុជាគ្មានបំណងតបតបង្កការលំបាកដល់ក្រុមហ៊ុនអឺរ៉ុបទេទោះបីមាន EUមានគម្រោងដក EBA របស់កម្ពុជាក៏ដោយ ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុនសែន ទៅកាន់មន្ត្រីជាន់ខ្ពស់ធុរកិច្ចអាស៊ានសហភាពអឺរ៉ុប ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោបានលើកឡើងថា ក្នុងជួបពិភាក្សាការងារជាមួយលោកម៉ាទីន ហេយ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១៨ នៅប្រទេស បែលហ្សិកសម្តេចតេជោបានបញ្ជាក់ថា កន្លងមក EU ក៏បានជួយដល់កម្ពុជាយ៉ាងច្រើន ព្រោះ ចង់ឃើញកម្ពុជារីកចម្រើន ។ ប៉ុន្តែប្រសិនជា EU សម្រេចដកចេញ EBA គឺហាក់បីដូចជា EU បោះបង់ចោលនូវអ្វីៗដែលខ្លួនបានខិតខំធ្វើកន្លងមកនៅកម្ពុជា ។
ដូច្នេះសូមឲ្យសហភាពអ៊ឺរ៉ុបមុនសម្រេចអ្វី គឺត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ហើយស្តាប់ចំពោះមតិយោបល់ក្រុមអ្នកធុរកិច្ចនៅអ៊ឺរ៉ុបផងដែរ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យមួយចំនួនដែលបានប្រព្រឹត្តនូវកំហុស២លើករួចមកហើយ បន្តប្រព្រឹត្តិកំហុសជាលើកទី៣មកលើកម្ពុជាទៀតឡើយ ។ កំហុសលើកទី១ គឺកាលពីអតីតកាលក្នុងទសវត្សឆ្នាំ៧០ ដែលមានប្រទេសប្រជាធិបតេយ្យមួយចំនួននៅអ៊ឺរ៉ុបបានគាំទ្ររដ្ឋប្រហារយោធានៅក្នុងប្រទេសកម្ពុជាដែលបាននាំមកនូវសង្គ្រាមវិនាសកម្ម និងការបំផ្លិចបំផ្លាញដល់កម្ពុជា ។ កំហុសទី២ គឺប្រទេសប្រជាធិបតេយ្យមួយចំនួននោះបានគាំទ្ររបបខ្មែរក្រហមជាង១ទសវត្ស រួមទាំងការពារកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ (UN) ដែលរបបនេះបានសម្លាប់មនុស្សអស់ជាង៣លាននាក់ ។
សម្តេចបន្តថា ដូច្នេះសូមកុំឲ្យមានកំហុសទី៣ កើតឡើងចំពោះកម្ពុជាជាបន្តទៀត ព្រោះមិនមែនប្រទេសទាំងនោះជាអ្នកដែលត្រូវទទួលរងនូវភាពខ្លោចផ្សាទាំងនោះទេ គឺពលរដ្ឋកម្ពុជា ជាអ្នកដែលត្រូវទទួលរងនូវការឈឺចាប់ និងវិនាសហិនហោច ។ ឥឡូវនេះយើងបានដឹង ហើយអំពីសភាពការណ៍ពិតរបស់កម្ពុជា សហភាពអ៊ឺរ៉ុបខ្លួនឯង គឺត្រូវស្តាប់តាមមតិរបស់ក្រុម ប្រឹក្សាធុរកិច្ចអឺរ៉ុបខ្លួនឯងផ្ទាល់ តើពួកគេពេញចិត្តវិនិយោគនៅកម្ពុជាដែរទេ ។ តាមរយៈរបាយការណ៍នេះ តំណាងធុរកិច្ច EU-Asean និងជួបពិភាក្សាដោយផ្ទាល់ជាមួយ តំណាងក្រុមប្រឹក្សាអឺរ៉ុបលើបញ្ហានេះព្រោះវានឹងធ្វើឲ្យប៉ះពាល់ខាតបង់នូវផលប្រយោជន៍ក្រុមហ៊ុនអ៊ឺរ៉ុបជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ទោះបីច្បាប់វិនិយោគ និងពាណិជ្ច កម្មនៅកម្ពុជាមានការកែលំអមួយចំនួនក្តី គឺមិនឲ្យប៉ះពាល់ដល់ការបណ្តាក់ទុនរបស់ក្រុមហ៊ុនទាំងឡាយនៅកម្ពុជាទេ គឺមានតែធ្វើឲ្យប្រសើឡើងចំពោះការវិនិយោគរយៈពេលវែងនៅទីនោះ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូននៅមុខពាណិជ្ជករ វិនិយោគគិន និងមន្ត្រីសំខាន់ៗមកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអ៊ឺរ៉ុបថា «ទោះបីសហភាពអ៊ឺរ៉ុបមានបំណងដាក់ទណ្ឌកម្មដក EBA ពីកម្ពុជាយ៉ាងណាក្តីក៏កម្ពុជាមិនសងសឹកទៅលើក្រុមហ៊ុនមកពីសហគមអ៊ឺ រ៉ុប ឬមកពីបណ្តាប្រទេសដទៃឲ្យមានការពិបាក ឬទទួលការខាតបង់ដោយសារការសម្រេចចិត្ត មិនត្រឹមត្រូវរបស់សហភាពអ៊ឺរ៉ុបដែរ គឺសម្តេចតេជោសុំធានាមិនឲ្យកើតមានឡើយ ប៉ុន្តែ ធានាការពារនូវផលប្រយោជន៍ ហើយសម្តេចតេជោសូមអញ្ជើញក្រុមហ៊ុនអ៊ឺរ៉ុបទៅវិនិយោគឲ្យ កាន់តែច្រើនឡើងថែមទៀតនៅប្រទេសកម្ពុជា» ។
លោកបានជំរាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -សហភាពអឺរ៉ុបមានគម្រោងដឹកនាំក្រុមហ៊ុនមួយចំនួនទៅបំពេញទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៩ ដើម្បីណែនាំក្រុមហ៊ុននៅអឺរ៉ុបមួយចំនួនធំថែមទៀត ទៅវិនិយោគក្នុងប្រទេសកម្ពុជា ។ ព្រោះក្រុមធុរកិច្ចអ៊ឺរ៉ុបមានជំនឿ និងទុកចិត្តកម្ពុជា ហើយមានបំណងមកវិនិយោគនៅកម្ពុជារយៈពេលវែង ។ លោកបានបញ្ជាក់លើ២ចំណុចសំខាន់ៗនៅកម្ពុជា គឺ១-ដឹកនាំគណៈប្រតិភូធុរកិច្ចអ៊ឺរ៉ុបទៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគរយៈពេលវែង ២-ជួយគាំពារលើផ្នែកសុវត្ថិភាពចរចរណ៍នៅក្នុងប្រទេសកម្ពុជាដោយប្រើបច្ចេកវិទ្យា ABS ដែលជាបច្ចេកវិទ្យាដ៏ល្អរបស់ក្រុមហ៊ុន BOSHC សម្រាប់យានយន្តគ្រប់ប្រភេទ ។ ប៉ុន្តែគ្រាន់តែមានបន្ថែមតម្លៃពន្ឋដារមួយចំនួនប៉ុណ្ណោះ ។ កម្ពុជាត្រូវតែខិតខំកសាងអភិវឌ្ឍន៍ខ្លួនឲ្យរួចផុតពីភាពក្រីក្រ ដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ ។ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) គឺសម្រាប់ប្រទេសក្រីក្រក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូនជារៀងរហូតនោះបានឡើយ ៕
ចែករំលែកព័តមាននេះ