ខេត្តសៀមរាប ៖ ស្ត្រីម្នាក់អាយុ៤៨ឆ្នាំ បានជិះកង់ទៅមើលស្រែរបស់ខ្លួនដែលនៅឆ្ងាយពីភូមិប្រមាណ១០គីឡូ ខណៈនោះមានភ្លៀងលាយឡំនឹងខ្យល់កន្ទ្រាក់រន្ទះផងនោះទើបបាញ់ត្រូវចំកង់ និងមនុស្សបញ្ឈិតចំក្បាលបណ្តាលឱ្យដួលរបួសធ្ងន់ ហើយបានអ្នកឃ្វាលគោឃើញក៏ដឹកយកមកផ្ទះជនរងគ្រោះតែម្តង ។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ត្រូវចំស្ត្រីម្នាក់នោះបានកើតឡើងនៅវេលាម៉ោង០៣និង០០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចវាលស្រែត្រពាំងរាង ចម្ងាយពីភូមិប្រមាណ១០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ លេង ថន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែងបានប្រាប់ភ្នាក់ងារ កោះសន្តិភាព នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នេះថាមុនពេលកើតហេតុមានពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានថា មានស្ត្រីម្នាក់ត្រូវរន្ទះបាញ់ចំក្បាលបញ្ឈិត ហើយត្រូវបានអ្នកឃ្វាលគោឃើញក៏ជួយដឹកយកមកផ្ទះ ខណៈនោះលោកក៏បានឱ្យកម្លាំងជំនាញរបស់អធិការស្រុកចុះទៅកន្លែងកើតហេតុ ដោយសារផ្លូវឆ្ងាយហើយពិបាកក្នុងការធ្វើដំណើរតាមផ្លូវផង ទើបលោកឱ្យទៅថតផ្តិតយករូបភាពនៅផ្ទះជនរងគ្រោះ និងត្រួតពិនិត្យស្ថានភាពអ្នករបួសផងដែរ ។
លោកបានបញ្ជាក់ថា ក្រោយពីអ្នកឃ្វាលគោដឹកយកមកផ្ទះជនរងគ្រោះវិញ ខណៈនោះត្រូវបានក្រុមគ្រួសារដឹកបន្តបញ្ជូនមកសង្គ្រោះ និងកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាម ផងដែរ ។
មូលហេតុ ជនរងគ្រោះជិះកង់ទៅមើលស្រែរបស់ខ្លួនទាំងភ្លៀងក៏ត្រូវរន្ទះបាញ់តែម្តង បច្ចុប្បន្ន ស្ត្រីជនរងគ្រោះបានធូរស្បើយរួចផុតជីវិតហើយ អាចនឹងចេញទៅផ្ទះវិញនៅក្នុងថ្ងៃនេះផងដែរបើតាមសម្តីរបស់ក្រុមគ្រូពេទ្យ ៕
ចែករំលែកព័តមាននេះ