ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានធ្វើការស្ទាក់ដេញចាប់បានមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន២នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់ប្តីប្រពន្ធដែលសមត្ថកិច្ចឃាត់ខ្លួនបានមានប្តីឈ្មោះ ស៊ន ពិសិទ្ធ ហៅ(សាំ) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរជ័យ ,ឃុំបន្ទាយដែក ,ស្រុកកៀនស្វាយ , ខេត្តកណ្តាល ។ រីឯប្រពន្ធមានឈ្មោះ ជា ស្រីនុច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា ។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន២១កញ្ចប់ (តូច២០កញ្ចប់ ធំ១កញ្ចប់) កាំភ្លើងកែច្នែ កាំភ្លើងខ្យល់១ដើម កាំភ្លើងខ្លីជ័រ១ដើម កូនកាបូបស្ពាយពណ៌ខ្មៅ១ ដប់សម្រាប់ជក់ថ្នាំញៀនជាច្រើន កូនកាបូបដៃពណ៌ខ្មៅ១ ដែកកេះហ្គាសចំនួន៤ ទុយោជ័រ១កញ្ចប់ធំ គ្រាប់ឃ្លីដែក១ប្រអប់ និងសម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រភូមិកណ្តាលលើ ,ឃុំបន្ទាយដែកក៏បានជួបជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធកំពុងតែដើរនៅតាមវាលស្រែដែលជាកន្លែងជនសង្ស័យធ្លាប់ធ្វើសកម្មភាពជួញដូរថ្នាំញៀន (មុខសញ្ញាចាស់) ។
ពេលនោះជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ចក៏រត់តាមភ្លឺស្រែសំដៅទៅផ្លូវលំ តែត្រូវកម្លាំងជំនាញ និងប៉ុស្តិ៍ដេញទាន់ឃាត់ខ្លួនបានទាំងពីរនាក់ប្តីប្រពន្ធ ហើយក៏ធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន២១កញ្ចប់ (២០តូច១ធំ) នៅក្នុងកាបូបយួរ ពណ៌ខ្មៅ ដែលជនសង្ស័យទាំងពីរទម្លាក់ចោល ហើយកម្លាំងប៉ុស្តិ៍ក៏បាននាំជនសង្ស័យទាំងពីរនាក់មកប៉ុស្តិ៍នគរបាលបន្ទាយដែក ដើម្បីសួរនាំ ។
ក្រោយសាកសួររួចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ថ្នាំញៀន២១កញ្ចប់នេះ ពិតជារបស់ខ្លួនប្រាកដមែន ។ យោងតាមចម្លើយសារភាពជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវនគរបាលជំនាញស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ