ខេត្តកណ្តាល ៖ ចោរប្រដាប់ដោយដំបងឫស្សីបានធ្វើសកម្មភាពពួនស្ទាក់វាយប្លន់យកម៉ូតូពីជនរងបានសម្រេច តែត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកស្អាង ឃាត់បានចាប់វាយខ្នោះ។ ហេតុការណ៍នេបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៤៥នាទីព្រឹក នៅចំណុចភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អេម លាងសែ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ។
ជនសង្ស័យឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។ លោកអធិការបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងជិះម៉ូតូឌុបបងស្រី និងក្មួយប្រុសអាយុ៣ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច កើតហេតុ បានជួបឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ដៃកាន់ដំបងឫស្សីប្រវែងកន្លះម៉ែត្រ បានមកស្ទាក់ គំរាមវាយទៅលើឈ្មោះ អេម លាងសែ។
ភ្លាមនោះជនរងគ្រោះបានដួលម៉ូតូ រួចជនសង្ស័យបានលើកម៉ូតូជិះ មកទិសខាងជើងបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ សហការណ៍ជាមួយកម្លាំងនគរបាលស្រុកស្អាងស្ទាក់ចាប់បានជនសង្ស័យខាងលើរួចបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ