ខេត្តកំពង់ស្ពឺ ៖ សពបុរសចំណាស់ម្នាក់ត្រូវបានប្រទះឃើញនៅក្នុងត្រពាំងទឹកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
ជនរងគ្រោះដែលស្លាប់ឈ្មោះប៉ូយ យ៉ែម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិកើតហេតុ។
ប្រភពព័ត៌មានពីសាក្សីក្នុងភូមិកើតហេតុបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គេបានឃើញជនរងគ្រោះផឹកស្រាក្នុងភូមិជាមួយមិត្តភក្តិ២-៣នាក់រហូតស្រវឹងរៀងៗខ្លួន។ ក្រោយមក គេបានឃើញជនរងគ្រោះដើរសំដៅទៅត្រពាំងចំងាយពីភូមិប្រហែល៥០ម៉ែត្រ រួចក៏បាត់គាត់តែម្តង។
ប្រភពបន្តថា គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ថាគាត់លង់ទឹកនោះទេ លុះដល់ម៉ោងកើតហតុកូនចៅបានតាមរកតែមិនឃើញ សង្ស័យក៏ដើរតាមរកនៅម្តុំត្រពាំងទឹក ស្រាប់តែប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្នុងទឹកត្រពាំងក៏នាំគ្នាស្រង់ឡើងលើគោក តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ហើយ។
សមត្ថកិច្ចសន្និដ្ឋានថា ប្រហែលជាជនរងគ្រោះផឹកស្រា លុះពេលស្រវឹងបានដើរតាមភ្លឺមាត់ត្រពាំងចង់ចុះមុជទឹកក៏រអិលជើងធ្លាក់ចូលទឹកលង់ស្លាប់តែម្តង។ ពេលជនរងគ្រោះធ្លាក់ចូលទឹក គ្មានអ្នកណាបានឃើញ ទើបបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័មបែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យសព បញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកប្រាកមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ