ខេត្តស្វាយរៀង ៖ រថយន្តទេសចរបោះពួយលឿនដូចព្យុះស្ទុះទៅបុកម៉ូតូពីក្រោយឡើងខ្ទេច រួចបន្តទៅបុករថយន្តដឹកកម្មករកម្មការិនីរោងចក្រ បណ្តាលឲ្យរងរបួសធ្ងន់ ។ ដែលហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៣និង០៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១៥៧>១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយប្រភេទទេសចរ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3B-9988 បើកបរដោយឈ្មោះ ជិន វ៉ាន់យ៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមីញឌឹក ឃុំភូមីមិញឌិក ស្រុកមិញឌឹក ខេត្តតាយនិញ បានបើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបុកម៉ូតូ០១គ្រឿង ម៉ាកស៊ីរូត ពណ៌ខ្មៅពាក់ស្លាកលេខ70F1-18078 ពីក្រោយពេញទំហឹងដែលមានអ្នកបើកបរដោយឈ្មោះ ឃឹម ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកកម្មកររោងចក្រ មានទីលំនៅភូមិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ បណ្តាលឲ្យរងរបួសធ្ងន់បញ្ចូនទៅព្យាបាលនៅពេទ្យប្រទេសវៀតណាម (ម៉ូតូគ្មានកញ្ចក់មើលក្រោយ គ្មានពាក់មួកសុវត្តិភាព) ។
ដោយរថយន្តមិនទាន់អស់ល្បឿន ហើយអ្នកបើកបរបានបាត់បង់ភាពម្ចាស់ការក្នុងការគ្រប់គ្រងរថយន្តទៀតនោះ រថយន្តក៏បានជ្រុលចង្កូតទៅបុកប៉ះ និងរថយន្ត០១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-5289 បើកបរដោយឈ្មោះ ឃឹម សាយវិសាល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកកម្មករ រស់នៅភូមិល័ក្ខ ជាឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។ បណ្តាលឲ្យរបួសស្រាលព្យាបាលនៅមន្ទីរសំរាកពន្លឺបូពា៍បាវិត ។
បច្ចុប្បន្នអ្នកបើករថយន្តក្រុងទេសចរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅការិយាល័យជំនាញនៅស្នងការនគបាលខេត្តស្វាយរៀង ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកបើកតាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ គឺបង្កឡើងដោយសារតែរថយន្តទេសចរបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។
តែអ្វីដែលសំណាងជាងគេបំផុតគ្រោះថ្នាក់នេះ បានកើតឡើងក្នុងអំឡុងពេលដែលរថយន្តដឹកកម្មករកំពុងធ្វើដំណើរទៅយកកម្មករកម្មការនីចេញពីរោងចក្រ ដោយនៅលើរថយន្តមានតែអ្នកបើករថយន្ត ទើបមិនបណ្តាលឲ្យមានអ្នករងរបួសច្រើន តែអ្នករងរបួសតែពីរ គឺរងបួសធ្ងន់ធ្ងរខ្លាំងតែម្តង ៕
ចែករំលែកព័តមាននេះ