ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ ប្រកាស​ពី​វិធានការ​ការពារ​សុខភាព​ពី​ជំងឺ​បង្ក​ដោយ​វីរុស​ណូ​រ៉ូ Norovirus

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ពី​វិធានការ​ការពារ​សុខភាព​ពី​ជំងឺ​បង្ក​ដោយ​វីរុស​ណូ​រ៉ូ Norovirus ដែល​កំពុង​កើត​មាន​លើ​ពិភពលោក ​។ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា នៅ​លើ​ពិភពលោក…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ពី​វិធានការ​ការពារ​សុខភាព​ពី​ជំងឺ​បង្ក​ដោយ​វីរុស​ណូ​រ៉ូ Norovirus ដែល​កំពុង​កើត​មាន​លើ​ពិភពលោក ​។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា នៅ​លើ​ពិភពលោក វីរុស​ណូ​រ៉ូ-Norovirus ជា​មូលហេតុ​ចម្បង ​នៃ​ការ​កួត និង​រាក និង​ជំងឺ​ ដែល​បណ្តាល​មក​ពី​អាហារ ដែល​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាវ រលាក​ក្រពះ​ពោះវៀន​ ។

ក្រសួង​ថា អង្គការ​សុខភាព​ពិភពលោក ​បាន​រក​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ ​នៅ​លើ​សកលលោក មាន៦៨៥​លាន​ករណី ​បង្ក​ដោយ​វីរុស​ណូ​រ៉ូ ស្លាប់​ប្រមាណ ២០០,០០០​នាក់ ក្នុង​នោះ​ដែរ ២០០​លាន​ករណី កើត​លើកុមារ​អាយុ​ក្រោម​៥​ឆ្នាំ និង​មាន​កុមារ​ចំនួន ៥០,០០០​នាក់​បាន​ស្លាប់​។ ការ​ផ្ទុះ​រាតត្បាត ​នៃ​ជំងឺ​បង្ក​ដោយ​វីរុស​ណូ​រ៉ូ ភាគច្រើន​កើត​មាននៅ​ប្រទេស​មាន​រដូវ​ត្រជាក់ កន្លែង​មានការ​ប្រមូលផ្តុំ អាកាសធាតុ​ត្រជាក់​មេរោគ​រស់​យូរ រដូវ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ចុះ​ខ្សោយ​។ បុគ្គល​គ្រប់​វ័យ​អាច​ឆ្លង និង​ឈឺ​ដោយ​វីរុស​ណូ​រ៉ូ រោគ​សញ្ញា ជា​ទូទៅ កើត​មាន​ចន្លោះ​ពី ១២ ទៅ ៤៨​ម៉ោង បន្ទាប់​ពី​ប៉ះពាល់​ ឬ​ប្រឈម​នឹង​វីរុស​ណូ​រ៉ូ ។ រោគ​សញ្ញា​ភាគច្រើនមាន ៖ រាក ក្អួត ចង្អោរ ចុកពោះ និង​អាច​មាន ក្ដៅខ្លួន ឈឺក្បាល និង​ឈឺខ្លួន​។ ភាគច្រើន​ជា​សះស្បើយ​ឡើង​វិញ ក្នុង រយៈពេល១ ទៅ ៣ថ្ងៃ ប៉ុន្តែ​អាច​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ​បាន ​ក្នុង​អំឡុង​២​ស​ប្តា​ហ៍ ​ឬ​លើស​បន្ទាប់​ពី​ជា​សះស្បើយ​។ អ្នក​អាច​កើត​ជំងឺ​បង្ក​ដោយ​វីរុស​ណូ​រ៉ូ ច្រើន​ដង ​ក្នុង​ជីវិត​របស់​អ្នក ពីព្រោះ វីរុស​ណូ​រ៉ូ មាន​ច្រើន​ប្រភេទ​។ ការ​ឆ្លង វីរុស​ណូ​រ៉ូ មួយ​ប្រភេទ មិន​អាច​ការពារ​អ្នក​ពី​ប្រភេទ​ផ្សេង​ទៀត​ឡើយ​ ។ អាហារ​សមុទ្រ ជា​ពិសេស​អយ​ស្ទ័​រ​ឆៅ អាច មាន​ផ្ទុក​វីរុស​។ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ទំនងជា​ងាយ​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេល​ឆ្លង​វីរុស ​។

ក្រសួង​បាន​លើក​ឡើង​ពី​របៀប​ចម្លង​ថា ​វីរុស​ណូ​រ៉ូ រីក​រាលដាល​យ៉ាង​ងាយ និង​រហ័ស​តាម​វិធី​ផ្សេង​ៗ​គ្នា​ដូច​ជា ​៖
-ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ ដែល​មាន​វីរុស​ណូ​រ៉ូ ដូច​ជា​ការ​ថែទាំ​អ្នកជំងឺ ការ​ចែករំលែក​អាហារ សម្ភារប្រើប្រាស់ និង​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នកមាន​វីរុស​ណូ​រ៉ូ
-ពិសា​អាហារ ទឹក ឬ​ភេសជ្ជៈ​ ដែល​មាន​មេរោគ​វីរុស​ណូ​រ៉ូ
-ការ​ប៉ះ​វត្ថុ​ ឬ​ផ្ទៃ​ដែល​មាន​មេរោគ ហើយ​បន្ទាប់​មក​ដាក់​ម្រាមដៃ​ ដែល​មិន​ទាន់​លាង​សម្អាត​នៅ​ក្នុង​មាត់
-អ្នក​អាច​ចម្លង​វីរុស​ណូ​រ៉ូ រយៈពេល ២ស​ប្តា​ហ៍ ឬ​ច្រើន​ជាង​នេះ បន្ទាប់​ពី​អ្នកជា​សះស្បើយ​ពី​ជំងឺ ​។

ក្រសួង​ក៏​បាន​បង្ហាញ​ពី​របៀប​បង្ការ​ជំងឺ​នេះ​ថា
-​ត្រូវ​ប្រកាន់​អនាម័យ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់
-សម្អាត និង​សម្លាប់​មេរោគ​លើ​ផ្ទៃ​ដែល​មាន​មេរោគ​
-ចម្អិន​ម្ហូបអាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ពិសេស​អាហារ​សមុទ្រ ពីព្រោះ​មេរោគ​ស្លាប់​នៅ​សីតុណ្ហភាព​លើស​ពី ៦០អង្សា​សេ
-​ស្នាក់​នៅផ្ទះ​ពេល​ឈឺ​រយៈពេល ២ថ្ងៃ (៤៨ ម៉ោង​) បន្ទាប់​ពី​បាត់​រោគ​សញ្ញា​។

ក្រសួង​បាន​លើក​ឡើង​ថា បើ​មាន​រោគ​សញ្ញា​ដូច​ខាងលើ សូម​ទៅ​ពិគ្រោះ​ជំងឺ នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ