នៅថៃកំពុងរងការភ័យខ្លាចនឹងការរីករាលដាលនៃមេរោគ Norovirus ដែលគេដឹងថា គឺជាករណីឆ្លងច្រើនកើតមានឡើងនៅក្នុងអំឡុងរដូវត្រជាក់ដូចជាបច្ចុប្បន្ននេះ ។ ជំងឺនេះជាជំងឺដែលងាយឆ្លងមួយប្រភេទហើយកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។
ជំងឺនេះហាក់នៅមិនទាន់បង្ហាញវត្តមានៅកម្ពុជានៅឡើយទេ ហើយមហាជននៅក្នុងប្រទេសក៏ហាក់នៅមិនទាន់បានដឹងច្រើនអំពីករណីនេះនៅឡើយដែរ ។ ជំងឺនេះមិនមែនជាជំងឺថ្មីទេ ប៉ុន្តែទើបតែមានសេចក្តីរាយការណ៍នៅលើបណ្តាញសារព័ត៌មានថៃ និងបណ្តាញសង្គមថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ។
សារព័ត៌មាន the Nation បានរាយការណ៍ថា ក្រោយពេលដែលមានករណីផ្ទុះការរីករាលដាលនៃជំងឺនេះ ចំនួនសរុបជាង១.៤០០ នាក់ នៅក្នុងសាលាមួយក្នុងខេត្តរាក់យ៉ង វាបានកំពុងបង្កការភ័យខ្លាចនៅក្នុង ចំណោមសាធារណៈជនថៃ ។
ការរីករាលដាលនៃមេរោគ Norovirus ត្រូវបានសាធារណៈជនថៃបានធ្វើការផ្សព្វផ្សាយហើយចែករំលែកជាបន្តបន្ទាប់ នៅក្នុងបណ្តាញសង្គម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញបានលើកឡើងថា កុំព្រួយបារម្ភជំងឺនេះ ថ្វីត្បិតតែវាឆ្លងខ្លាំង ប៉ុន្តែគេអាចការពារបាន ហើយវា គឺជាប្រភេទមេរោគបង្កជំងឺតែនៅក្នុងអំឡុងរដូវរងារដូចបច្ចុប្បន្ននេះប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការព្រួយបារម្ភនេះ លោកវេជ្ជបណ្ឌិត យ៉ុង ភូវូរ៉ាវ៉ាន់ (Yong Poovorawan) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជូឡាឡូងកន បានឲ្យដឹងថា វាគឺជាជំងឺដែលតែងតែបង្ហាញវត្តមាននៅក្នុងអំឡុងរដូវត្រជាក់នៅប្រទេសថៃ ។
លោកបានពន្យល់ថា កុមារ និងមនុស្សចាស់អាចគ្រោះថ្នាក់ដែរ ប៉ុន្តែប្រសិនបើពួកគេបានចាក់វ៉ាកសាំង គឺវាមិនអីឡើយ ហើយបានណែនាំដល់សាលា និងរោងចក្រឲ្យអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ norovirus ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍ និងសក្តានុពលកុមារ ៕
ចែករំលែកព័តមាននេះ