ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​ត្រី​ល្បី​ ប្រចាំ​ខេត្តស្ទឹងត្រែង ដល់​រដូវ​ចេញ​កាន់តែ​ធំ តម្លៃ​កាន់តែ​ខ្ពស់

18 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ពូជ​ត្រី​ល្បី ប្រចាំ​ខេត្តស្ទឹងត្រែង ដែល​គេ​ស្គាល់​ថា ជា​ត្រី​ប៉ា​ស៊ី​អ៊ី និង​ត្រី​ប៉ា​វ៉ា ។ ពូជ​ត្រី​នេះ មិន​មាន​លក់​នៅ​លើ​ទីផ្សារ…

ខេត្តស្ទឹងត្រែង ៖ ពូជ​ត្រី​ល្បី ប្រចាំ​ខេត្តស្ទឹងត្រែង ដែល​គេ​ស្គាល់​ថា ជា​ត្រី​ប៉ា​ស៊ី​អ៊ី និង​ត្រី​ប៉ា​វ៉ា ។ ពូជ​ត្រី​នេះ មិន​មាន​លក់​នៅ​លើ​ទីផ្សារ ដូច​ជា​ត្រី​ដទៃ​នោះ​ឡើយ ។ លុះត្រាតែ ដល់​រដូវ​របស់​វា ទើប​អ្នកនេសាទ អាច​ប្រមាញ់​ចាប់​បាន មក​លក់​លើ​ទីផ្សារ ហើយ​តម្លៃ​ទៅ​តាម​ទម្ងន់​តូច​ធំ ផង​ដែរ ។

ត្រី​ប្រភេទ​នេះ គេ​ស្គាល់​តាម​រយៈ​ពណ៌​សម្បុរ រូបរាង និង​ឈ្មោះ​របស់​វា គឺ​ស្រី ប៉ា​ស៊ី​អ៊ី ប៉ា​វ៉ា​មុខ​មួយ និង​ប៉ា​វ៉ា​មុខ​ពីរ ។ ក្នុង​ចំណោម​ត្រី​ទាំង​បី​នេះ ត្រី​ប៉ា​ស៊ី​អ៊ី មាន​សម្បុរ​ពណ៌​ប៉ៃ​តង​ក្រ​ម៉ៅ ចាប់ពី​ក្បាល​រហូត​ដល់​កន្ទុយ មាន​ដុំ​ពក​លើ​ច្រមុះ បបូរមាត់​លើ គ្រប​លើ​បបូរមាត់​ក្រោម និង​បបូរមាត់​ក្រោម​រាង​មូល ស្រកា​របស់ វា​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន ព្រុយ​ខ្នង​មាន​ទ្រនង់​ទន់ ចំនួន​១០​ព្រុយ ពោះ
ព្រុយ​គូថ និង​ព្រុយ​កន្ទុយ ពណ៌​ប្រផេះ​លាយ​ត្នោត ជួនកាល​ពណ៌​ក្រហម គឺជា​ត្រី ដែល​ជាប់​ឈ្មោះ​ល្បី​បំផុត ប្រចាំ​ខេត្តស្ទឹងត្រែង ។​ហើយ​ក៏​មាន​តម្លៃ​ថ្លៃ​ជាងគេ​នោះ​ដែរ ។ ត្រី​ប៉ា​វ៉ា​មុខ​មួយ មាន​ពណ៌​សម្បុរ​ប្រហាក់ប្រហែល​ទៅ​នឹង​ត្រី​ប៉ា​ស៊ី​អ៊ី អ្នក​ក្នុង​តំបន់​គេ​ហៅ​ត្រី​ក្អែក​ពូក តែ​ពុំ​សូវ​មាន​តម្លៃ​ខ្ពស់​នោះ​ទេ រីឯ​សាច់​រស់ជាតិ ក៏​ខុស​គ្នា​ផង​ដែរ ។ ចំណែក​ត្រី​ប៉ា​វ៉ា​មុខ​ពីរ គេ​សម្គាល់​ខ្លួន និង​ព្រុយ​របស់​វា មាន​ពណ៌​ប៉ៃ​តង លាយ​ពណ៌​លឿងទុំ ត្រង់​ក្បាល​របស់​វា មាន​គន្លាក ពណ៌​លឿងទុំ និង​ច្រមុះ​ដុះ​ដុំ​ពក និង​ទ្រនង់​ទន់ បែក អ្នក​ខេត្តស្ទឹងត្រែង ចាត់​ទុក​ថា ត្រី​ប៉ា​វ៉ា​មុខ​ពីរ ជា​ត្រី​លំដាប់​ទី​ពីរ និង​មាន​តម្លៃ​ថ្លៃ បន្ទាប់​ពី​ត្រី​ប៉ា​ស៊ី​អ៊ី ។

ជាក់ស្ដែង ពាក់កណ្ដាល​ខែធ្នូ​នេះ ប្រជា​នេសាទ ចាប់​បាន​ត្រី​ប៉ា​វ៉ា​មុខ​ពីរ មួយ​ក្បាល ដែល​មាន​ទម្ងន់​ជាង ៦​គីឡូក្រាម ហើយ​ខ្នាត​ទម្ងន់​នេះ អ្នកនេសាទ លក់​ក្នុង​តម្លៃ ១​គីឡូ ជិត​២០​ម៉ឺន​រៀល តម្លៃ​សរុប​ជាង​១​លាន​រៀន ។ ឯ​ឈ្មួញ ទិញ​ទៅ​លក់​បន្ត តម្លៃលើស​ពី​នេះ ។

ត្រី​ប្រភេទ​នេះ វា​ស៊ី​ស្លែ​តោង​តាម​ថ្ម ជា​អាហារ រស់នៅ​ក្នុង​ទន្លេធំ​ៗ មានទឹក​ហូរ​ថ្លា ។ ពួក​វា ចាប់ផ្តើម​ក​.​កើត​ពង​កូន នៅ​ចំ​កណ្តាល​ទន្លេសេកុង ក្នុង​ខែកក្កដា និង​ខែសីហា ។ ពួក​វា អាច​បន្លាស់​ទី ចេញពី​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ។

តាម​ការ​តាមដាន​របស់​អ្នកជំនាញ​ថា ពួក​វា អាច​បន្លាស់​ទី​ពី​ដង​ទន្លេមេគង្គ​លើ ចុះ​ទៅ​ដល់​ព្រំប្រទល់​ខេត្តក្រចេះ និង​អាច​ហែល ទៅ​ដល់​ប៉ែក​ខាងត្បូង​ប្រទេស​ឡាវ និង​ភាគ​ឦសាន នៃ​ប្រទេស​ថៃ ផង​ដែរ ។

បើ​តាម​អង្គការ Wonders of the Mekong បាន​ចេញផ្សាយ​ត្រី​ប៉ា​វ៉ា​មុខ​ពីរ មានឈ្មោះ​បែប​វិទ្យាសាស្ត្រ​ថា Incisilabeobehri វា​ជិត​ផុត​ពូជ លើ​ភព​ផែនដី​ទៅ​ហើយ ។ វា​អាច​មាន​ទំហំ​ធំ​បំផុត ដល់​ទៅ ៦០​សង់ទីម៉ែត្រ ។ ត្រី​ប៉ា​វ៉ា​មុខ​ពីរ បាន​ចាត់​ចូល​ក្នុង​បញ្ជី​ក្រហម​របស់ IUCN កាលពី​ឆ្នាំ​២០១១ ថា​ជា​ប្រភេទ​ត្រី​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ