រាជធានីភ្នំពេញ ៖ យុវជនវ័យក្មេងពីរនាក់ ម្នាក់ជាកូនអ្នកលក់មាសពេជ្រ នៅផ្សារទួលទំពូង កាលពីរសៀលថ្ងៃទី២០ កញ្ញា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធឆក់កាបូបជនជាតិចិនម្នាក់ បានប្រាក់ជិតមួយម៉ឺនដុល្លារអាមេរិក។ ជនសង្ស័យម្នាក់ឈ្មោះ វេង ម៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាជាងទង ជាកូនអ្នកមាសពេជ្រ នៅផ្សារទួលទំពួង និងមានអាស័យដ្ឋានផ្ទះសង់ថ្មីអត់លេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រីឯម្នាក់ទៀតឈ្មោះ គន្ធា ម៉េងលី ហៅសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចម្ការមន។ វត្ថុតាងចាប់យករួមមានម៉ូតូម៉ាក PCX ១គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ GY-៥៨៣៣ និងមួយគ្រឿងម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HF-៩៧០០ ដែលពួកគេបានជិះធ្វើសកម្មភាពឆក់កន្លងមក។ ជនរងគ្រោះក្នុងអំពើឆក់នោះឈ្មោះ XU DONG HUIL ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ PE 1406431 ជាភ្ញៀវទេសចរណ៍។ តាមមន្ត្រីសមត្ថកិច្ចបានបង្ហើបដឹងថា កាលពីថ្ងៃទី១៦ កញ្ញា ជនរងគ្រោះ បានធ្វើដំណើរម្នាក់ឯងនៅលើដងផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយមានស្ពាយកាបូបមួយជាប់ខ្លួន។
ពេលជនរងគ្រោះកំពុងដើរ ស្រាប់តែជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាក ភីស៊ីអិច ពណ៌ទឹកប៊ិច ទៅអែបក្បែរជនរងគ្រោះ ហើយម្នាក់ជិះខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនជាតិចិននោះ និង បានជិះគេចខ្លួនបាត់ស្រមោល។ ក្រោយកើតមានហេតុការណ៍នេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច ដោយបានបញ្ជាក់ថា ក្នុងកាបូបនោះមានលិខិតឆ្លងដែន១ក្បាល ប្រាក់ដុល្លារមានជាង៧.០០០ ដុល្លារអាមេរិក អត្តសញ្ញាណប័ណ្ណជនជាតិចិន និងកាតធនាគារ៤សន្លឹក។
ក្រោយពេលទទួលបានពាក្យបណ្តឹងនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ជាប្រធាន បានប្រើប្រាស់កម្លាំងជំនាញឲ្យចុះស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់រហូត៣ថ្ងៃមក ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ២ នាក់ដូចមានឈ្មោះខាងលើនេះ។ ក្រោយពីឃាត់ខ្លួនទើបបានលេចធ្លាយចម្លើយសារភាព របស់យុវជនដែលជាជនសង្ស័យប្រាប់សមត្ថកិច្ចឲ្យដឹងថា គេជាកូនអ្នកលក់មាសពេជ្រម្នាក់ នៅផ្សារទួលទំពូង តែដោយសារសេពគប់ជាមួយមិត្តភក្តិមិនល្អ ចេះប្រើប្រាស់គ្រឿងញៀន និងដើរមិនចូលផ្ទះ ក៏បែកគំនិតឆក់កាបូប ដើម្បីបានប្រាក់ដោះស្រាយក្រពះមួយគ្រាៗ ដែរ។ បន្ទាប់ពីមានពាក្យបណ្តឹង និងចម្លើយសារភាពគ្រប់គ្រាន់ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
ចែករំលែកព័តមាននេះ