ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជាខេត្តមួយដែលស្ថិតនៅភាគខាងកើត និងមានចម្ងាយប្រមាណជា៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
ខេត្តនេះបែងចែកជា១៣ក្រុង-ស្រុក ក្នុងនោះស្រុកបាភ្នំ គឺជាស្រុកតែមួយគត់ ដែលមានភ្នំដែលមហាជនទូទៅបានស្គាល់យ៉ាងច្បាស់ គឺភ្នំឈើកាច់ ហើយភ្នំនេះក៏មានជាប់ទាក់ទិនទៅនិងរឿងរ៉ាវប្រវត្តិសាស្ត្រក៏ដូចជា រឿងព្រេងជាច្រើនផងដែរ ។
តាមការបញ្ជាក់ពីអាជ្ញាធរស្រុកបាភ្នំបានឲ្យដឹងថា ភ្នំឈើកាច់នេះជាកម្រងជួរភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់នៃស្រុកបាភ្នំកម្រងជួរភ្នំនេះមានភ្នំទាំងតូច ទាំងធំ សរុបចំនួន១៤ភ្នំ ស្ថិតនៅក្បែៗគ្នា និងមានឈ្មោះរៀងៗខ្លួនដែលចាស់ទុំពីមុនដាក់ឲ្យទៅតាមរូបសណ្ឋានរបស់វាដូចជា ភ្នំសំពៅ ភ្នំបាញ់ចារ ភ្នំតូច ភ្នំធំ ភ្នំល្អាង ភ្នំអ្នកតាទូលឈ្នាង ភ្នំយាយទូលកញ្ច្រែង ភ្នំគុកប្រជៀវ ភ្នំកំផ្លុក ភ្នំស្លឹកគ្រៃ ភ្នំថ្មបាញ់ ភ្នំថ្មសរ ភ្នំយាយមេសរ និងភ្នំកំពូលឈើកាច់ ។
បើតាមការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងតំបន់ភ្នំឈើកាច់នេះបានឲ្យដឹងថា ភ្នំមួយចំនួនក្នុងចំណោមភ្នំទាំងអស់នេះមានភ្នំមួយចំនួនមានរឿងរ៉ាវទាក់ទងទៅនឹងរឿងព្រេងនិទានដូចជា ភ្នំសំពៅដែលនៅក្បែវត្តវិហារធំ ឬវិហារគុក ដូនតាពីសម័យមុនបាននាំគ្នាហៅភ្នំនេះថា ភ្នំសំពៅ ព្រោះទីតាំងនោះមានរឿងព្រេងនិទានដំណាលថា មានសំពៅធំ១គ្រឿងបានបើកមកលិចបាត់នៅត្រង់ទីតាំងនោះតែមិនដឹងពិត ឬមិនពិតនោះទេ លឺតែចាស់ៗដំណាលតៗគ្នាមកទើបនាំគ្នាហៅភ្នំនោះថា ភ្នំសំពៅ រហូតមកដល់សព្វថ្ងៃនេះ ។
ភ្នំអ្នកតាទូលឈ្នាង នៅលើកំពូលភ្នំនេះមានដុំថ្ម១ផ្ទាំងធំ ដែលមានរាងដូចឈ្នាង និងមានដុំថ្ម១ដុំទៀត នៅទូលពីក្រោមដែលគេមើលទៅមិនសមអាចបន្តុបជាប់គ្នាសោះ ព្រោះថ្មខាងលើមានទំហំធំ ឯថ្មខាងក្រោមតូចខុសគ្នាឆ្ងាយ តែបែរជាអាចទ្រថ្មខាងលើជាប់ ទោះបីជាប្រឈមនិងភ្លៀងខ្យល់បោកបក់មករាប់រយឆ្នាំហើយក៏ដោយ ។ ភ្នំនេះចាស់ៗបានដំណាលតៗគ្នាមកថា មានបុរសម្នាក់ដែលរស់នៅជាមួយម្តាយនៅក្នុងខេត្តបាភ្នំ ( ឈ្មោះខេត្តព្រៃវែងសម័យមុន ក្រោយមកដូរជាខេត្តព្រៃវែងវិញ) បានវាយសម្លាប់ម្តាយរបស់ខ្លួនដោយសារតែឃើញបាយដែលម្តាយយកមកឲ្យហូបតិចពេក លុះពេលវាយម្តាយស្លាប់ហើយហូបបាយនោះមិនអស់ទើបភ្ញាក់ខ្លួនស្តាយស្រណោះអាណិតម្តាយ ហើយបានដាក់អង្ករក្នុងឈ្នាងដើររកដូរម្តាយ ពីអ្នកស្រុក តែគ្មានអ្នកណាដូរឲ្យរហូតចុងក្រោយក៏ដើរមកដួលស្លាប់នៅលើភ្នំនេះកើតទៅជាដុំថ្ម២ដុំ ខាងក្រោមតូចទូលដុំថ្មផ្ទាំងធំនៅខាងលើដូចជា បុរសទូលឈ្នាងដើររកម្តាយទើបចាស់ៗនាំគ្នាហៅភ្នំនេះថា អ្នកតាទូលឈ្នាងរហូតដល់សព្វថ្ងៃ ។
ចំណែកភ្នំល្អាងវិញភ្នំនេះមានល្អាងដ៏ធំមួយនៅចង្កេះភ្នំហើយមានជម្រៅជ្រៅចុះទៅក្រោម ងងឹតសូន្យឈឹងប្រៀបដូចជា រូងភ្នំដ៏វែងមួយចាស់ៗបានដំណាលប្រាប់តៗគ្នាថា នៅក្នុងរូងនេះមានសត្វគ្រប់ប្រភេទរស់នៅ ហើយធ្លាប់មានអ្នកសច្ចំ អ្នករៀនមន្តអាគមចុះទៅក្នុងរូងភ្នំនេះ ហើយបានទៅផុសឡើងមកលើវិញនៅភ្នំជើងអណ្តែងឯខេត្តស្វាយរៀងដែលបច្ចុប្បន្នស្ថិតនៅក្នុងដីប្រទេសវៀតណាមឯណោះ តែទោះជាយ៉ាងណារាប់សិបឆ្នាំមកនេះមិនដែលមានអ្នកណាហ៊ានចុះទៅក្នុងរូងភ្នំនេះទៀតទេព្រោះ វាប្រថុយ និងគ្រោះថ្នាក់ខ្លាំងមិនដឹងថា ក្នុងនោះពេលនេះមានសត្វសាហាវ និងកត្តាគ្រោះថ្នាក់អ្វីខ្លះ ។ រីឯភ្នំយាយទូលកញ្ច្រែងមានផ្ទាំងថ្មដ៏ធំមួយនៅលើកំពូលភ្នំរូបរាងដូចជា កញ្ច្រែង និងមានរឿងព្រេងនិទានដូចជា ភ្នំអ្នកតាទូលឈ្នាងដែរ ប៉ុន្តែដោយសារ តែមិនមានអ្នកយកមកនិយាយ ទើបយូរៗទៅអ្នកស្រុកភ្លេចរឿងនិទាននេះអស់នៅសល់តែឈ្មោះរហូតដល់សព្វថ្ងៃ ។
ទោះជាយ៉ាងណាក៏ដោយក្នុងចំណោមភ្នំទាំងអស់នោះមានភ្នំមួយដែលអ្នកស្រុកមានជំនឿថាជាភ្នំមានបារមីស័ក្ដិសិទ្ធិ ហើយតែងតែនាំគ្នាធ្វើពិធីបុណ្យសែនព្រេនជារៀងរាល់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ ដោយឲ្យឈ្មោះថា បុណ្យឡើងអ្នកតានោះ គឺភ្នំយាយមេសរ ។ ភ្នំនេះមានរឿងព្រេងនិទានទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ ដោយចាស់ៗបានដំណាលថា កាលសម័យនគរភ្នំស្តេចខ្មែរបានបញ្ជូនមេទ័ពម្នាក់ឈ្មោះគីរីផលឲ្យទៅរៀនក្បួនយុទ្ធសាស្ត្រធ្វើសឹកសង្គ្រាម និងមន្តវិជ្ជាសិល៌្បសាស្ត្រនៅប្រទេសក្រិចជាមួយបុរសខ្មែរម្នាក់ទៀត ដែលខ្លាំងពូកែនៅក្នុងនគរ ។
នៅនគរក្រិចកម្លោះគីរីផលបានជួប និងនារីម្នាក់ឈ្មោះ មេ.សរ ដែលជាមេទ័ពប្រទេសក្រិច ហើយក្រោយពីរៀនចប់ស្តេចប្រទេសក្រិចបានរៀបការឲ្យអ្នកទាំង២តែមិនឲ្យគីរីផលត្រឡប់មកនគរភ្នំវិញទេ ។ ចំណែកគីរីផល ពេលដែលរួមរស់ជាមួយគ្នាបានកូនប្រុសម្នាក់ឈ្មោះ គីរីជោត ហើយក្រោយមកគីរីផលបានលឺដំណឹងថា នគរភ្នំកំពុងមានចម្បាំងជាមួយនគរចំប៉ាក៏រត់គេចខ្លួនត្រឡប់មកនគរវិញតែម្នាក់ឯង ហើយរឿងនេះបានដឹងដល់ស្តេចក្រិចមានការខឹងសម្បាជាខ្លាំងក៏បញ្ជាឲ្យគេតាមមកកាត់ក្បាលគីរីផលដាក់ហឹបយកទៅវិញ ។ រីឯប្រពន្ធគីរីផល និងកូនប្រុសក៏តាមមកដែរ តែយឺតពេលទៅហើយព្រោះគីរីផលបានព្រមឲ្យគេកាត់ក្បាល ដើម្បីជាថ្នូរមិនប្រកាសសង្គ្រាមជាមួយប្រទេសក្រិច ពេលឃើញសពប្តីអត់ក្បាលនាងមេសរក៏កាត់ក្បាលកូនដំរីយកមកភ្ជាប់ និងដងខ្លួនប្តីធ្វើឲ្យប្តីរស់ឡើងវិញ តែនិយាយមិនកើត ព្រោះដំរីមិនចេះនិយាយ ។ អស់រយៈពេលច្រើនឆ្នាំក្រោយមកទាំង៣នាក់ឳពុកម្តាយកូនក៏បានស្លាប់អស់ព្រះរាជានគរភ្នំក៏បានចាត់ឲ្យគេសាងសង់ប្រាសាទមួយតម្កល់រូបសំណាកអ្នកទាំង៣នៅលើទីទួលដ៏ខ្ពស់នេះសម្រាប់ធ្វើបុណ្យរំលឹកគុណអ្នកទាំង៣ ហើយចំណេរក្រោយៗមកអ្នកស្រុកក៏នាំគ្នាហៅរូបសំណាកនោះថា អ្នកតាមេសរ និងនាំគ្នាធ្វើបុណ្យសែនព្រេនគោរពបូជារហូតដល់សព្វថ្ងៃនេះ ។
ចំណែកភ្នំថ្មបាញ់ គឺជាទីតាំងដែលបារាំងវាយយកថ្ម ក្នុងសម័យដែលជនជាតិបារាំងគ្រប់គ្រងទឹកដីកម្ពុជា ហើយគេក៏បន្តយកថ្មនៅទីតាំងនេះរហូតដល់សព្វថ្ងៃ ។ រីឯភ្នំកំផ្លុកនៅក្នុងសម័យប៉ុលពតទីតាំងនេះ គឺជារណ្តៅពិឃាដដែលពួកខ្មែរក្រហមបានយកពលរដ្ឋខ្មែរស្លូតត្រង់រាប់ពាន់នាក់មកសម្លាប់កប់ក្នុងរណ្តៅនៅតំបន់នេះ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្នុងចំណោមភ្នំទាំង១៤ភ្នំនេះមានភ្នំចំនួន៣ ហើយដែលត្រូវបានប្រជាពលរដ្ឋមួយក្រុម និងក្រុមហ៊ុនឯកជនចំនួន៧កំពុងធ្វើអាជីវកម្មយកថ្មភ្នំ គឺភ្នំកំផ្លុក ភ្នំថ្មបាញ់ និងភ្នំស្លឹកគ្រៃ ដោយភ្នំស្លឹកគ្រៃ និងភ្នំថ្មបាញ់គេកំពុងបាញ់យកថ្ម ។ ចំណែកភ្នំកំផ្លុកគេយកធ្វើជាការដ្ឋានកិនថ្មសម្រាប់ដឹកយកទៅលក់ ។ ឯខាងមន្ត្រីជំនាញរ៉ែធ្លាប់បានប្រាប់ឲ្យដឹងថា ក្រសួងរ៉ែ និងថាមពលក៏ដូចជា រាជរដ្ឋាភិបាលបានសម្រេចចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនឯកជនទាំងនោះធ្វើអាជីវកម្មយកថ្មភ្នំ តែនៅលើភ្នំទាំង៣នេះទេ គឺមិនអនុញ្ញាតិឲ្យបន្តទៅធ្វើលើភ្នំផ្សេងៗទៀតឡើយ ៕
ចែករំលែកព័តមាននេះ