រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ខេម បានចេញមុខបដិសេធចោលទាំងស្រុងនូវការលេចឮនិងការផ្សាយព័ត៌មានពាក់ព័ន្ធជាមួយលោកដែលបានងារជាឧកញ៉ារួចហើយ ក្នុងពេលដែលតារាចម្រៀងរួមទ្រនំជាមួយលោកពីររូបគឺលោក ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត បានទទួលងារនេះរួចហើយ ។
ការចេញមុខមកដិសេធពីតារាចម្រៀងស្អករូបនេះបានធ្វើឡើង បន្ទាប់ពីលោកបានឃើញនូវព័ត៌មានដែលបានចុះផ្សាយថាលោកបានទទួល ឬក៏ត្រៀមទទួលងារជាឧកញ៉ា ខណះពេលដែលព័ត៌មានមួយនេះបានក្លាយជាមុខព្រួញមួយនៅក្នុងការជេរប្រមាថមកលើរូបលោកទាំងមិនដឹងអ្វី ពីមហាជនមួយចំនួន ។
តាមរយះសំណេរដែលបានសសេរបង្ហោះលើបណ្តាញសង្គមតារាចម្រៀង ខេម បានលើកឡើងថា បងប្អូនជាទីស្រលាញ់ ថ្ងៃនេះសូមបញ្ចេញអារម្មណ៍ពិតមួយ មួយរយៈនេះមានពត៍មានជាច្រើនចុះពីខ្ញុំទទួលបានងារជា ឧកញ៉ា ខ្លះក៏ចុះថារៀបចំទទួលហើយ តើពត៍មានទាំងអស់នេះបានសំដីមកពីណាហើយបងប្អូនមួយចំនួនក៏ជឿស្លុងតាមពត៍មាននោះ ខ្លះក៏បានជេរប្រមាថខ្ញុំ អ្នកខ្លះក៏អបអរសាទរ ហេតុអីមិនសួរខ្ញុំផងថាតើខ្ញុំយ៉ាងមិចហើយ ហើយខ្ញុំរាល់ថ្ងៃចឹងដូចគេប្រាប់ទេ រស់នៅចំនុចណា រាល់ថ្ងៃខ្ញុំជាអ្នកចម្រៀងម្នាក់ ហើយជាប្រជាជនធម្មតាដូចបងប្អូនដែរ ។
លោកបញ្ជាក់ថា ងារជាឧកញ៉ា វាមិនអាក្រក់នោះទេ – ប៉ុន្តែរាល់ពត៍មានដែលមិនចេញពីមាត់ខ្ញុំសូមបងប្អូនកុំទាន់ជឿអី អាចសួរខ្ញុំបាន តែខ្ញុំមិនបន្ទោសបងប្អូនទេ ខ្ញុំគួរបន្ទោសរឺដាស់តឿនទៅខាងពត៍មានរឺក៏វឺបសាយនានាគួរឈប់ទៅ កុំដើម្បីប្រយោជន៍មកបំភ្លៃពត៍មានបែបនេះ ជាចុងក្រោយជូនពរបងប្អូនគ្រប់សំណាងល្អគ្រប់ៗគ្នា ។
ជាការកត់សម្គាល់កន្លងមកគេឃើញមានបណ្តាសារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយជាបន្តបន្ទាប់ថា តារាចម្រៀងលោក ខេម អាចនឹងទទួលបានងារជាឧញ៉ានាពេលឆាប់ៗខាងមុខនេះ ក្រោយពីតារាចម្រៀងលោក ព្រាប សុវត្ថិ ខេមរះ សិរីមន្ត និងអ្នកនិពន្ធ យឹម តាស្រង់ ទទួលបានងារជាឧកញ៉ាជាបន្តបន្ទាប់ ក្រោមការជួយជ្រោមជ្រែងពីថៅកែផលិតកម្មដែលពួកគេកំពុងជ្រកកោន ។
យ៉ាងណាជុំវិញព័ត៌មានចុះផ្សាយខាងលើតារាចម្រៀង ខេម ហាក់មិនបានចេញមុខមកបញ្ជាក់ និងបកស្រាយចំពោះរឿងនេះឡើយ ទើបតែពេលនេះបានលោកចេញបដិសេធចោលទាំងស្រុង និងបានចាត់ទុកព័ត៌មានមួយនេះមិនមានមូលដ្ឋានច្បាស់លាស់ និងចេញពីមាត់របស់លោកនោះឡើយ ។
គួរបញ្ជាក់ថា តារាចម្រៀង លោក ខេមរះ សិរីមន្ត ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែកុម្ភះ ខណះពេលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏ទទួលបានងារជាឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ដូចគ្នា ៕
ចែករំលែកព័តមាននេះ