រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង សុភ័ក្រ កុសុម៉ា បានបង្ហើបពីពេលវេលាចូលរោងការរបស់ខ្លួន បន្ទាប់ពីនាងបានបញ្ចេញរូបភាព Pre-Wedding នៅលើបណ្តាញសង្គមជាបន្តបន្ទាប់ នៅក្នុងរយះប៉ុន្មានថ្ងៃចុងក្រោយនេះ ។
តារាស្រីរូបនេះបានបង្ហោះសំណេរខ្លីមួយនៅលើបណ្តាញសង្គម ដោយនាងបានគូសបញ្ជាក់ថា ដើមខែក្រោយគេហៅអូនអ្នកនាងហើយ ដែលសំណេរនេះមានន័យថា នាង និងអនាគតស្វាមីអាចនឹងរៀបចំពិធីមង្គលការនៅក្នុងពេលឆាប់ៗនេះ ហើយនឹងត្រូវបញ្ចប់ភាពនៅលីវរបស់នាងផងដែរ ។
ដោយឡែកជាមួយគ្នានេះដែរ សុភ័ក្រ កុសុម៉ា ក៏បានចេញមុខបដិសេធចោលផងដែរនូវពាក្យចចាមអារ៉ាមដែលបានលើកឡើងថា ក្រោយចូលរោងការមានគ្រួសារហើយនោះ នាងនឹងបញ្ចប់អាជីពសិល្បៈចោលទាំងស្រុង ដែលនោះគឺជារឿងមិនពិតឡើយ ពោលនាងនឹងនៅតែបន្តការងារនេះជាធម្មតាដដែល ។
យ៉ាងណាក៏ដោយ តាមរយៈដំណឹងដ៏ល្អនេះត្រូវបានទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រ ជាច្រើនបានសម្តែងការចូលរួមអបអរសាទរ ក្នុងពេលដែល សុភ័ក្រ កុសុម៉ា និងគូស្នេហ៍របស់នាងបានដឹកដៃគ្នាចូលរោងការកសាងគ្រួសារជាមួយគ្នានាពេលនេះ ។
ជាការកត់សម្គាល់ បន្ទាប់ពីទម្លាយវីដេអូបង្ហាញសកម្មភាពគូស្នេហ៍រៀបចំពិធីសុំរៀបការនោះមក តារាចម្រៀងនាង សុភ័ក្រ កុសុម៉ា និងគូស្នេហ៍បាននាំគ្នារៀបចំថតរូបភាព Pre-Wedding ក្នុងឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ជាច្រើនម៉ូត ក្នុងនោះក៏មានការតុបតែងជាតួអង្គយក្សល្ខោនផងដែរនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ។
គួរបញ្ជាក់ថា សុភ័ក្រ កុសម៉ា បានបញ្ចេញនូវវីដេអូបបង្ហោះតាមបណ្តាញសង្គមបង្ហាញពីសកម្មភាពគូស្នេហ៍របស់នាងបានរៀបចំកម្មវិធីបែបពន្ញាក់អារម្មណ៍ សុំនាងរៀបការ ។
តាមរយៈវីដេអូនោះ សុភ័ក្រ កុសម៉ា បានសម្តែងការភ្ញាក់ផ្អើល និងរំភើបរហូតហូរទឹកភ្នែក ក្នុងពេលដែលឃើញគូស្នេហ៍របស់នាងរៀបចំពិធីមួយនេះ និងបានលត់ជង្គង់សុំនាងរៀបការនៅមុខមិត្តភក្រ័ជាច្រើនរបស់នាង ជាពិសេសនោះក៏មានវត្តមានម្តាយរបស់នាងផងដែរ ។
វីដេអូមួយនេះបានធ្វើអោយមហាជនមើលហើយរំភើប នឹងបានចូលរួមសម្តែងការអបអរសាទរចំពោះតារាស្រីរូបនេះដែលបានរកឃើញគូស្នេហ៍ពិតប្រាកដ ខណះពេលកន្លងមកនាងហាក់មិនដែលបង្ហាញពីទំនាក់ទំនងស្នេហ៍ជាមួយបុរសណាម្នាក់នោះឡើយ ៕
ចែករំលែកព័តមាននេះ