ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ណាស់! អតីតសមាជិក One Direction បា.ត់បង់ជីវី.ត ដោយធ្លា.ក់ពីលើសណ្ឋាគារ

23 ម៉ោង មុន

ប្រទេសអាហ្សង់ទីន ៖ យោងតាមប្រភពពីសារព័ត៌មាន CNN និងទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានរាយការណ៍ថា…

0:00
0:00

ប្រទេសអាហ្សង់ទីន ៖ យោងតាមប្រភពពីសារព័ត៌មាន CNN និងទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានរាយការណ៍ថា លោក Liam Payne អតីតសមាជិកក្រុមចម្រៀង One Direction បានស្លាប់បាត់បង់ជីវិតនៅក្នុងវ័យ៣១ឆ្នាំ ក្រោយធ្លាក់ពីវេរ៉ង់ដាជាន់ទី៣នៃសណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងប៊ុយណូស៊ែ (Buenos Aires) ប្រទេសអាហ្សង់ទីន។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសអាហ្សង់ទីនបានផ្តល់ដល់ CNN បានឱ្យដឹងថា ការស្លាប់របស់លោក Liam Payne តារាចម្រៀងជនជាតិអង់គ្លេស កើតឡើងកាលពីថ្ងៃពុធ នៅឯសណ្ឋាគារមួយនៅផ្លូវកូស្តារីកា (Costa Rica) សង្កាត់ប៉ាឡឺម៉ូ (Palermo)។ សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសទីក្រុងប៊ុយណូស៊ែបានឱ្យដឹងថា ពួកគេទទួលបានការហៅបន្ទាន់ទៅកាន់សណ្ឋាគារកើតហេតុ ដោយទទួលបានដំណឹងជាបឋមថា បុរសម្នាក់អាចស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន ឬគ្រឿងស្រវឹងបានធ្លាក់ពីវេរ៉ង់ដាសណ្ឋាគារ។ សេចក្តីថ្លែងការណ៍ប៉ូលិសបន្តថា អ្នកគ្រប់គ្រងសណ្ឋាគារប្រាប់ប៉ូលិសថា ខ្លួនបានលឺសំលេងធ្លាក់យ៉ាងខ្លាំងនៅខាងក្រោយសណ្ឋាគារ។

ប៉ូលិសទីក្រុងប៊ុយណូស៊ែមិនបានកំណត់អត្តសញ្ញាណអ្នកស្លាប់ជានរណានោះទេ។ ប៉ុន្តែក្រោយមក លោក Alberto Crescenti នាយកសេវាសង្គ្រោះបន្ទាន់សាធារណៈនៃទីក្រុងបានប្រកាសពីការស្លាប់របស់តារាចម្រៀង Liam Payne លើប៉ុស្តិ៍ទូរទស្សន៍អាហ្សង់ទីន Todo Noticias។ ទោះយ៉ាងណាក៏ដោយ លោកមិនបានឆ្លើយសំណួរដែលចោទសួរថាតើការស្លាប់នេះជាការធ្វើអត្តឃាត ឬគ្រោះថ្នាក់នោះទេ ដោយសារតែអាជ្ញាធរកំពុងស៊ើបអង្កេតការស្លាប់ និងធ្វើកោសល្យវិច័យ។

លោក Liam Payne ត្រូវបានប្រទះឃើញនៅក្នុងប្រទេសអាហ្សង់ទីន ដើម្បីចូលរួមការប្រគុំតន្ត្រីរបស់អតីតមិត្តរួមក្រុម One Direction របស់ខ្លួនគឺលោក Niall Horan ខណៈដែលថ្មីៗនេះ Payne ទើបតែបានធ្វើពិធីអបអរខួបកំណើតអាយុ៣១ឆ្នាំរបស់ខ្លួន នៅចក្រភពអង់គ្លេស។

លោក Liam Payne បានកើតនៅទីក្រុងវ៉ូលវើហាំតុន ប្រទេសអង់គ្លេស និងជាកូនពៅក្នុងចំណោម​បងប្អូន៣នាក់។ Payne គឺជាអតីតនិស្សិតនៃមហាវិទ្យាល័យ City of Wolverhampton College ជាកន្លែងដែលលោកបានសិក្សាផ្នែកបច្ចេកវិទ្យាតន្ត្រី។ Payne ត្រូវបានស្គាល់យ៉ាងច្បាស់ថាជាសមាជិកក្រុមចម្រៀងប៉ុបបរុសដ៏ល្បីរបស់អង់គ្លេស One Direction ដែលមានសមាជិកសរុបចំនួន៥នាក់ រួមទាំង Harry Styles, Zayn Malik, Louis Tomlinson និង Niall Horan បានបង្កើតឡើងដំបូងឆ្នាំ ២០១០ បន្ទាប់ពីសមាជិកម្នាក់ៗបានបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតប្រជែង The X Factor ដ៏ល្បីរបស់ចក្រភពអង់គ្លេស។ ប៉ុន្តែក្រុមដ៏ល្បីនេះបានបែកបាក់គ្នានៅឆ្នាំ២០១៦ ដោយសារតែសមាជិកមានគម្រោងផ្សេងគ្នា និងចង់ចាប់អាជីពជាតារាចម្រៀងទោល៕ (ប្រភព ៖ CNN និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ