ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​អតីត​ចៅអធិការ​ដ៏​ល្បី​មួយ​នៅ​ថៃ រឿង​កិ.ប​កេង​​លុយ​វត្ត​ជិត​១០​លាន​ដុល្លារ​យក​ទៅ​លេងល្បែ.ង​​​អន​ឡាញ

8 ម៉ោង មុន

ប្រទេស​ថៃ ៖ បើ​យោង​តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា អតីត​ចៅអធិការ​វត្ត​រ៉ៃ​ឃី​ង (Rai Khing)…


ប្រទេស​ថៃ ៖ បើ​យោង​តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា អតីត​ចៅអធិការ​វត្ត​រ៉ៃ​ឃី​ង (Rai Khing) និង​បក្ខពួក​ដែល​ជានា​រី​វ័យក្មេង​ម្នាក់​ទៀត ត្រូវ​បាន​ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​ដោយ​ចោទប្រកាន់​ពី​បទ​កិបកេង​លុយ​ចំនួន​៣០០​លាន​បាត ឬ​ស្មើ ៩​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​វត្ត​ពុទ្ធសាសនា​ដ៏​ល្បីល្បាញ​ស្ថិត​ក្នុង​ខេត្ត​ណា​ខន​ប៉ា​ធំ (Nakhon Pathom) មួយ​នេះ​។

ប្រភព​ដដែល​បន្ត​ថា ប៉ូលិស​បាន​នាំ​ខ្លួន​អតីត​ព្រះ​ចៅអធិការ​ព្រះ​នាម យ៉ែ​ម អ៊ី​ន​គ្រី​ង​កៅ (Yaem Inkrungkao) អាយុ​៧០​ឆ្នាំ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​សម្រាប់​សំណុំរឿង​ពុក​រលួយ និង​ប្រព្រឹត្តិ​ខុស កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ រួម​ជាមួយ​កញ្ញា អា​រី​យ៉ា​វ៉ា​ន់ វ៉ាង​ថា​ផា​ន (Aranyawan Wangthapan) អាយុ​២៨​ឆ្នាំ ដើម្បី​ទទួលយក​ការ​យល់ព្រម​ដើម្បី​ឃុំខ្លួន ខណៈ​អ្នក​ទាំង​ពីរ​បាន​បដិសេធ​ឆ្លើយ​សំណួរ​ពី​បណ្តា​អ្នក​សារព័ត៌មាន​។

អតីត​ចៅអធិការ និង​នារី​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កិបកេង និង​ក្លែងបន្លំ​។ ប៉ូលិស​ស៊ើបអង្កេត​បាន​ប្រឆាំង​នឹង​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​បាន​អះអាង​ថា ករណី​នេះ​បាន​បង្ក​ឱ្យ​មានការ​ខាតបង់​យ៉ាងច្រើន ហើយ​ជន​ទាំង​ពីរ​អាច​នឹង​បំផ្លាញ​ភស្តុ​តាង​ចោល​ថែម​ទៀត​ផង​។ ជា​លទ្ធផល តុលាការ​បាន​ទទួលយក​សំណើ​របស់​ប៉ូលិស​ឱ្យ​ឃុំខ្លួន​អ្នក​ទាំង​ពីរ​រយៈពេល​១២​ថ្ងៃ​។

លោក យ៉ែ​ម អ៊ី​ន​គ្រី​ង​កៅ ដែល​ត្រូវ​បាន​ចាប់​ផ្សឹក ពុំ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ទេ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ក្រុង​បាងកក​ភ្លាម​ៗ​តែ​ម្តង​។ ចំណែក​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​នាង អា​រី​យ៉ា​វ៉ា​ន់ ត្រូវ​បាន​បដិសេធ ហើយ​នាង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ស្ថាប័ន​អប់រំ​កែប្រែ​សម្រាប់​ស្ត្រី​។ ដ្បិត​ជនសង្ស័យ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ក្នុង​ប្រទេស​ថៃ អាច​ត្រូវ​ឃុំខ្លួន​បាន​ចាប់ពី​៧​ថ្ងៃ​រហូត​ដល់​១២​ថ្ងៃ ឬ​អាច​ឈាន​ដល់​៨៤​ថ្ងៃ មុន​ពេល​ព្រះរាជអាជ្ញា​ត្រូវ​ធ្វើការ​ចោទប្រកាន់​។

គួរ​រំលឹក​ថា ព្រះ​ចៅអធិការ​វត្ត​រ៉ៃ​ឃី​ង ព្រះ​នាម យ៉ែ​ម អ៊ី​ន​គ្រី​ង​កៅ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ប៉ូលិស​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​មន្ត្រី​ត្រៀម​ស្វែងរក​ដីកាចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​កិបកេង​លុយ​ចំនួន​៣០០​លាន​បាត​ពី​មូលនិធិ​វត្ត ដើម្បី​យក​ទៅ​លេងល្បែង​អន​ឡាញ ហើយ​លោក​ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​យប់​ថ្ងៃ​ដដែល​នោះ​តែ​ម្តង​។

ចំណែក​​កញ្ញា អា​រី​យ៉ា​វ៉ា​ន់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ដើរតួ​ជា​ឈ្មួញកណ្តាល​ល្បែងភ្នាល់​អន​ឡាញ​ឱ្យ​អតីត​ចៅអធិការ​វត្ត​រូប​នោះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ប៉ា​តា​យ៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល​នៅ​ទីក្រុង​បាងកក​។ នារី​រូប​នេះ​ធ្លាប់​មាន​ប្រវត្តិ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​មុន ពាក់ព័ន្ធ​គេហទំព័រ​ល្បែង​អន​ឡាញ​នេះ ហើយ​ក្រោយមក​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​។

ប៉ូលិស​បាន​អះអាង​ថា នាង​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចំនួន​៣ ដែល​បាន​លាង​លុយខ្មៅ​តាម​គេហទំព័រ​លេងល្បែង​ភ្នាល់​អន​ឡាញ​។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​ប្រាប់​ថា ក្រុមហ៊ុន​ទាំងនោះ​មាន​លុយ​ជាង ៨០០​លាន​បាត ឬ​ជាង ២៤​លាន​ដុល្លារ​ចរាចរ​ក្នុង​រយៈពេល​៥​ខែ​កន្លង​មកនេះ​។

ប៉ូលិស​ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ពេល​សួរ​ចម្លើយ ​នារីរូប​នេះ​បាន​សារភាព​ថា នាង​ស្គាល់​អតីត​ចៅអធិការ យ៉ែ​ម អ៊ី​ន​គ្រី​ង​កៅ តាំងពី​នាង​រៀន​នៅ​សាលា​វត្ត​រ៉ៃ​ឃី​ង​មក​ម្ល៉េះ​។ នាង​ថែម​ទាំង​បាន​ខ្ចីប្រាក់​៤០​លាន​បាត ឬ ១,២​លាន​ដុល្លារ​ពី​អតីត​ចៅអធិកា រូប​នេះ​ជា​លើក​ដំបូង សម្រាប់​ការ​វិនិយោគ​ក្នុង​ឆ្នាំ​២០២១ ហើយ​ចាប់តាំងពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​បាន​ទាក់ទង​គ្នា​ជា​ញឹកញាប់​តាម​រយៈ​ទូរស័ព្ទ និង​វី​ដេ​អូ​ខ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ