ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ លើកទឹកចិត្ត​អតីត​ពលករ និង​យុវជន​ឱ្យ​ជ្រើសរើស​ការងារ​ក្នុងស្រុក

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សហគ្រាស ក្រុមហ៊ុន រោងចក្រ​ធំ​ៗ​ចំនួន ៤ បាន​ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ភ្លាម​ៗ​ដោយ​ផ្ទាល់ នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សហគ្រាស ក្រុមហ៊ុន រោងចក្រ​ធំ​ៗ​ចំនួន ៤ បាន​ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ភ្លាម​ៗ​ដោយ​ផ្ទាល់ នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ​» នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ នៅ​បរិវេណ​សួន​មាន​ជ័យ ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​មាន​បងប្អូន​ពលករ និង​យុវជន​ចូលរួម​ប្រមាណ​ ៧០០​នាក់​។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​នា​ឱកាស​នោះ​ថា នេះ​ជា​វេទិកា​ជំនួប​ដ៏​ធំ​មួយ​រវាង​អ្នក​ស្វែងរក​ការងារ និង​និយោជក ដើម្បី​ដាក់​ពាក្យ​ស្វែងរក​ការងារ ជ្រើសរើស​បុគ្គលិក សម្ភាស និង​ទទួល​បានការ​ងារ​ភ្លាម​ៗ​នៅ​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង តាម​រយៈ​ក្រុមហ៊ុន​ធំ​ៗ​ទាំង​៤ ដែល​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែមចំនួន ២ ៦៥០​កន្លែង ដើម្បី​កុំឱ្យ​បងប្អូន​ពិបាក​ចំណាយ​ពេលវេលា និង​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​អំពី​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) សម្រាប់​កម្មករនិយោជិត​នៅ​ពេល​ចូល​បម្រើ​ការងារ​នៅ​ក្នុងស្រុក ព្រមទាំង​ផ្សព្វផ្សាយ និង​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ពិសេស​តាម​រយៈ​កម្មវិធី​TVET ១,៥​លាន​នាក់​របស់​រាជរដ្ឋាភិបាល​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​អតីត​ពលករ​ពិចារណា​ក្នុង​ការ​ជ្រើសរើស​ការងារ​ក្នុងស្រុក ដែល​បន្ថែម​លើ​ប្រាក់​ឈ្នួល ក៏​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត តាម​រយៈ​ការ​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​. ជា​ពិសេស​ជួយ​សម្រាល​បន្ទុកគ្រួសារ​ពេល​មាន​ជំងឺ ឬ​ចាស់ជរា​។ ប៉ុន្តែ​បើ​ជ្រើសរើស​ការងារ​ក្រៅប្រទេស គួរតែ​ទៅ​ធ្វើការ​នៅ​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​មាន​ប្រសាសន៍​ថា វេទិកា​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​រួម​គ្នា​ថែរក្សា​ប្រពៃណី​ដ៏​ល្អ​នៃ​ស្មារតី​«​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» ដែល​ផ្តល់​ភាព​កក់ក្តៅ ផ្តល់​ក្តី​សង្ឃឹម ផ្តល់​ភាព​ជឿជាក់​ដល់​បងប្អូន ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ស្វែងរក​ការងារ ដើម្បី​ឱ្យ​មានឱកាស​រួម​គ្នា​កសាង និង​អភិវឌ្ឍ​ជាតិ​បន្ត​ទៀត​។

ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ថា ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ការ​ផ្តល់​ឱកាស​ការងារ និង​ការ​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ គឺជា​ការងារ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ​ផង និង​ការ​ឈ្លានពាន​ផង​តាម​រយៈ​មធ្យោបាយ​ការទូត និង​ច្បាប់​អន្តរជាតិ​ជាដើម​។ យើង​មានការ​ឈឺចាប់​ពី​ការ​ឈ្លានពាន តែ​មិន​ត្រូវ​បាក់ទឹកចិត្ត បណ្តោយ​ឱ្យ​ក្លាយជា​កម្លាំង​មួយ​ដែល​សង្កត់​យើង​នោះ​ទេ គឺ​យើង​ត្រូវ​តែ​រឹង​មាំ អត់ធ្មត់ ខិតខំ​តស៊ូ​ពង្រឹងសមត្ថភាព សាមគ្គីភាព គ្រប់គ្រង​ឱកាស និង​ពង្រឹង​មុខរបរ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ស្វែងរក​ឧត្តមភាព​ឡើង​វិញ​៕ អត្ថបទសហការ