ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅក្នុងរថយន្ត រីឯចំនួន០៧នាក់ផ្សេងទៀតដែលគេអះអាងថា មានទាំងជនជាតិចិនផង បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បតិហេតុរថយន្តបុកគូទរថយន្តក្នុងគោលដៅស្របទិសគ្នា កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២៥មករា នៅលើកំណាត់ផ្លូវហាយវេ ត្រង់ចំណុចភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
នេះបើតាមព័ត៏មានបឋមនៅកន្លែងកើតហេតុ។ គេមិនទាន់ស្កាល់អត្តសញ្ញាណអ្នករងបួស និង អ្នកស្លាប់ទាំងនោះទេ។ ប៉ុន្តែបើតាមព័ត៏មានបឋមពីសមត្ថកិច្ចបានប្រាប់ថា ក្រុមជនរងគ្រោះមានជនជាតិខ្មែរផង និង ជនជាតិចិនផងសរុបចំនួន០៨នាក់ ដែលជិះរថយន្តរួមគ្នា។
ក្រុមជនរងគ្រោះជិះរថយន្តម៉ាក អាល់ផាត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2CF-0607។ ដោយឡែករថយន្តធន់ធ្ងន់នោះ ជាប្រភេទរថយន្តដឹកទំនិញ ពាក់ស្លាកលេខ កំពង់ធំ 3A-1472 តែគេមិនទាន់ស្គាល់ឈ្មោះអ្នកបើកបរនៅឡើយទេ។
សាក្សីនៅទីនោះបានបញ្ជាក់ថា រថយន្តជនរងគ្រោះបានបើទៅបុកគូទរថយន្តធន់ធ្ងន់នោះពីក្រោយពេញទំហឹង ក្នុងគោលដៅស្របទិសគ្នាពីទិសខាងកើតឆ្ពោះទៅទិសលិច ខណៈដែលរថយន្តយក្សនោះបន្ថយល្បឿនរកកន្លែងឈប់ក្បែរចិញ្ចើមថ្នល់ដើម្បីស្រសស្រូបអាហារ។
អ្នកឃើញហេតុការបានបញ្ជាក់ដែរថា រថយន្តដឹកជនជាតិនោះ បើកលឿនពេក លុះជួយស្ថានភាពប្រថុចញ៉ុចបែបនេះមិនអាចគ្រប់គ្រងល្បឿនបាន ក៏បុកគូទរថយន្តយក្សនោះពេញទំហឹងតែម្ដង។ នៅកន្លែងកើតហេតុ គេឃើញេរថយន្តដឹកអ្នកដំណើរខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ។ កៅអីរថយន្ត និង អ្នកជិះខ្ទាតចេញក្រៅរថយន្តស្ទើរទាំងអស់ របួសរដូករណែលពេញលើផ្លូវ ហើយខ្លះទៀតមានកៀបជាប់ក្នុងរថយន្តផង។ នាយការិយាល័យចរាចរណ៏ជើងគោក លោក ចាន់ សុធី បានប្រាប់ថា ក្រុមជនរងគ្រោះមានជនជាតិខ្មែរនិងជនជាតិចិន តែគេមិនទាន់ដឹងថា ពួកគេធ្វើដំណើរទៅណាទេ ? បើតាមព័ត៏មានបឋមនៅកន្លែងកើតហេតុ ជនរថយន្តដែលជិះរថយន្តជាមួយគ្នានោះមានគ្នា០៨នាក់ ក្នុងនោះជនជាតិខ្មែរម្នាក់ស្លាប់ របួសធ្ងន់០៤នាក់ រីឯចំនួន០៣នាក់ទៀតរងរបួសស្រាល។
លោកនាយការិយាល័យចរាចរណ៏បានបញ្ជាក់ដែរថា រថយន្តធន់ធ្ងន់ បានព្យាយាមបើកទៅឈប់អែបកៀនដល់ចិញ្ចើមផ្លូវទៅហើយ ក៏ស្រាប់តែត្រូវរថយន្តដឹកអ្នកដំណើរនោះទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នករួមដំណើរស្លាប់និងរបួសខ្ទាតចេញពីពីរថយន្តរប៉ាត់រប៉ាយពេញថ្នល់។ នេះដោយសារការបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។
កម្លាំងសមត្ថកិច្ចបានដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្តីរពេទ្យភ្លាមៗដែរ រីឯជនរងគ្រោះដែលបាត់បង់ជីវិត យើងកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ ខណៈរថយន្តបង្កគ្រោះថ្នាក់ទាំង០២គ្រឿង ត្រូវបានមន្ត្រីជំនាញនាំយកមករក្សាទុកនៅករិយាល័យជំនាញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕







ចែករំលែកព័តមាននេះ