ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ៖ ក្រសួងការងារ នាំយកឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ​ជូន​បងប្អូន​អតីត​ពលករ​ មក​ពី​ប្រទេស​ថៃ

5 ម៉ោង មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង​ ៖ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លើក​ទី​៥៧៩ ត្រូវ​បាន​រៀបចំ​ឡើង​នា​បរិវេណ​អនុ​វិទ្យាល័យ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​នាំ​មក​នូវ​ឱកាស​ការងារ​ជាង…

ខេត្ត​បាត់ដំបង​ ៖ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លើក​ទី​៥៧៩ ត្រូវ​បាន​រៀបចំ​ឡើង​នា​បរិវេណ​អនុ​វិទ្យាល័យ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​នាំ​មក​នូវ​ឱកាស​ការងារ​ជាង ៥ ០០០ កន្លែង ពី​ក្រុមហ៊ុន​-​សហគ្រាស​ធំ​ៗ​ចំនួន ៦ ដើម្បី​ផ្ដល់​ការ​សម្ភាស និង​ទទួល​បានការ​ងារ​ភ្លាម​ៗ ​ជូន​ដល់​បងប្អូន​អតីត​ពលករ​មក​ពី​ថៃ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា វេទិកា​ការងារ​នេះ​គឺ ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព ដោយ​មាន​អ្នកចូលរួម​សរុប​ដល់​ទៅ ១៥០ ៨៩៩ នាក់ ហើយ​ក្រសួង​នឹង​បន្ត​រៀបចំ​ជា​ហូរហែ​បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០២៦ នេះ​។ ឯកឧត្តម​បាន​បង្ហើប​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា​មានឱកាស​ការងារ ​ក្នុងស្រុក​សរុប​ចំនួន ៨៩ ៥៣៩ កន្លែង នៅ​ទូ​ទាំង​ប្រទេស ដែល​ជា​សញ្ញាណ​វិជ្ជមាន ​សម្រាប់​បងប្អូន​ដែល​ចង់​កសាង​ជីវភាព​ក្នុងស្រុក​កំណើត ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើការ​ប្រៀបធៀប​យ៉ាង​ស៊ីជម្រៅ ដើម្បី​ឱ្យ​បងប្អូន​ពលករ​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​ធ្វើការ​នៅ​ប្រទេស​ថៃ ទោះបី​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​បន្តិច ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការ​រើសអើង ហានិភ័យ​សុវត្ថិភាព ខ្វះ​ការ​គាំពារ​សុខភាព និង​មិន​អាច​រស់នៅ​ជួបជុំ​ក្រុម​គ្រួ​សារបាន​ឡើយ ​។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើការ​ក្នុងស្រុក​គឺជា​ជម្រើស​ដ៏​ប្រសើរ ដែល​ផ្ដល់​នូវ​សុភមង្គល​ក្នុង​គ្រួសារ និង​អត្ថប្រយោជន៍​គាំពារ​សង្គម​ដ៏​លើសលប់​ពី​ប័ណ្ណ ប​.​ស​.​ស​. រួម​មាន​៖ (១)​សេវា​ព្យាបាល​ឥត​គិតថ្លៃ​៖ ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដៃគូ​ដោយ​មិន​អស់ប្រាក់​។ (២)​ប្រាក់​សោធន​និវត្តន៍​៖ ការ​ធានា​នូវ​ប្រាក់​ចំណូល​ប្រចាំខែ​នៅ​ពេល​ចាស់ជរា​ដូច​មន្ត្រីរាជការ​។ (៣)​ការ​គាំពារ​មាតា និង​ទារក​៖ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​លើក ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូត​ដល់​សម្រាលកូន និង​ការ​ឈប់​សម្រាក​ដែល​មាន​ប្រាក់​ឈ្នួល​ ។

ស្រប​តាម​ការ​យកចិត្តទុកដាក់​បំផុត​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្រសួង​បាន​ជំរុញ​ឱ្យ​យុវជន​ ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស (TVET ១.៥ លាន​នាក់​)​ ។ ជា​ពិសេស សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​មានបទពិសោធន៍​ស្រាប់ ក្រសួង​នឹង​រៀបចំ​ការ​វាយតម្លៃ​ការ​សិក្សា​ពី​មុន (RPL) ដើម្បី​ផ្ដល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​ជា​ផ្លូវការ​លើ​វិស័យ​សំណង់​ចំនួន ៨ មុខ​ជំនាញ ដោយ​ឥត​គិតថ្លៃ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​តទៅ ​។

ដោយឡែក​សម្រាប់​បងប្អូន ​ដែល​មាន​បំណង​ចង់ទៅ​ធ្វើការ ​នៅ​ក្រៅប្រទេស ឯកឧត្តម​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ស្វែងរក​ទីផ្សារ​ការងារ​ ដែល​មាន​ស្ដង់ដា​ខ្ពស់ លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់​ចំណូល​ខ្ពស់ ដូច​ជា​នៅ​ប្រទេស ជប៉ុន កូរ៉េ​ខាងត្បូង និង​សិង្ហ​បុរី ជាដើម ដើម្បី​ធានា​ថា​បងប្អូន​ទទួល​បាន​ឧត្តមភាព និង​សេចក្ដី​ថ្លៃថ្នូរ ​។

ជា​ចុង​ក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ ឱ្យ​បងប្អូន​ជឿជាក់​លើ​ការ​ដឹកនាំ ​របស់​រាជរដ្ឋាភិបាល និង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​កសាង​សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​មាតុភូមិ​ឱ្យ​កាន់តែ​រឹង​មាំ ​។ ប្រសិនបើ​បងប្អូន​មាន​ច​ម្ង​ល់ ឬ​ស្វែងរក​ការងារ សូម​ទាក់ទង​មក​កាន់ Hotline ១២៩៧ ឬ ១២៨៦ សម្រាប់​ព័ត៌មាន ប​.​ស​.​ស​. ៕ អត្ថបទសហការ