រាជធានីភ្នំពេញ ៖ តារាសម្តែងលោក សាយ សៀរ៉ា បានបញ្ចេញសារដាស់តឿនដល់អ្នកសិល្បៈជំនាន់ថ្មីទាំងអស់ អោយគិតគូរធ្វើកិច្ចសន្យារឿងលុយជាមួយម្ចាស់ផលិតកម្ម នៅមុនពេលចេញថត ខណៈពេលដែលលោកធ្លាប់រងគ្រោះ កាលពីពេលកន្លងមក ។
ដោយមិនបញ្ចេញឈ្មោះជាម្ចាស់ផលិតកម្មណាដែលធ្វើរឿងខាងលើនេះចំពោះលោក ប៉ុន្តែតារាសម្តែងប្រុសរូបនេះ គ្រាន់តែក្រើនរំលឹកទៅកាន់តួផ្សេងៗចំពោះរឿងនេះ ហើយលោកក៏ស្នើអ្នកសិល្បដែលធ្លាប់ជួបរឿងដូចលោកត្រូវហ៊ានចេញមុខនិយាយរឿងនេះ ។
តាមរយៈសំណេរដែលបានសរសេរបង្ហោះលើបណ្តាញសង្គម តារាសម្តែងលោក សាយ សៀរ៉ា បានលើកឡើងថា ផ្ញើជូនទៅបងប្អូនអ្នកសិល្បថ្មីៗ មុនថតរឿងត្រូវធ្វើកិច្ចសន្យានិយាយរឿងលុយឲ្យបានច្បាស់លាស់មុនថតរឿង ព្រោះថាខ្ញុំថតចប់ពិបាកបើកលុយណាស់ ខ្លះថតរាប់ឆ្នាំហើយ មិនបើកឲ្យទេ តេមិនលើកទូរស័ព្ទ ឆាតមិនតប ។
លោកបន្តថា ខ្ញុំថតរឿងភាគដាក់ TV ថ្ងៃណាមួយខ្ញុំ និងផុសឲ្យបងប្អូនបានឃើញមុខ មនុស្សខ្ញុំស្លូតទេ ។ លោកបញ្ជាក់ថា ខ្ញុំថតរឿងជិះឡានចាក់សាំងឡាន មែនសុំសាំងគេទេ ខោអាវទិញគេ មែនគេឲ្យទេ ថតទាំងជិតទាំងឆ្ងាយ គួរតែយល់ខ្ញុំផង ទុក្ខពេលឲ្យមួយរយៈខ្ញុំត្រូវការលុយទិញបាយ១ថ្ងៃ៣ពេលហូប មើលក្មួយៗបង់ទឹកបង់ភ្លើង មើលថែឪពុកម្តាយចាស់ៗ ។ លោកថា ខ្ញុំក៏ជំពាក់គេដែរ គួរយល់ផង ចង់ឲ្យអ្នកសិល្បយើងទាំងតួថ្មីទាំងតួរចាស់ បើមានរឿងត្រូវងើបឡើងកុំលាក់ខ្លាចខ្មាសគេ ត្រូវផុសឲ្យគេដឹង ព្រោះខំថតណាស់ ។
តារាសម្តែងលោក សាយ សៀរ៉ា ក៏បានបញ្ជាក់បន្ថែមតាមរយៈការខមិនក្រោមអ្វីដែលលោកបានសរសេរខាងលើនេះថា ពេលធ្វើកាងារថត ខ្ញុំមិនដែលធ្វើឲ្យអ្នកដឹកនាំរឿងពិបាក ដោយសារខ្ញុំទេណាត់ថ្ងៃពេលវេលា គឺមិនដែលឲ្យពិបាកសោះ យប់ ថ្ងៃ ក្តៅ ភ្លៀង ស៊ូណាស់ខ្ញុំ ។ លោកបន្តថា យើងខំធ្វើកាងារដើម្បីបានលុយគ្រាន់ទិញបាយហូប ចុះបើថតចប់ ហើយដាក់ផ្សាយចប់ឡើងយូរហើយ នៅតែមិនបើកលុយឲ្យអា និងគិតម៉េច ។
បើតាមលោក សាយ សៀរ៉ា សូមតួរយើងទាំងថ្មីទាំងចាស់ បើថតគេមិនបើកលុយឲ្យត្រូវហ៊ាននិយាយទៅ កុំខ្លាចគេមិនហៅថត បើថតហើយ គេមិនបានលុយសួរថា ថតធ្វើអី ។ លោកបញ្ជាក់ថា អ្នកដឹងនាំគេល្អៗ គេមិនខ្លាចបើកលុយឲ្យតួរទេ ខ្លាចតែអ្នកដឹងនាំមួយចំនួនតូច ថតហើយចង់ស៊ីដាច់លុយគេ ។ ជាការកត់សម្គាល់ បន្ទាប់ពីឃើញសំណេរដែលលោក សាយ សៀរ៉ា បង្ហោះខាងលើនេះគេឃើញមានអ្នកសិល្បជាបន្តបន្ទាប់បានចែករំលែកបន្ត ដោយអ្នកទាំងនោះបានបញ្ជាក់ក៏ធ្លាប់ជួបរឿងនេះដូចគ្នា ។
គួរបញ្ជាក់ថា សម្រាប់រឿងរ៉ាវខាងលើនេះ មិនមែនជារឿងមួយថ្មីដែលបានកើតឡើងនៅក្នុងវិស័យសិល្បនាពេលបច្ចុប្បន្ននោះឡើយ ពោលកន្លងទៅថ្មីៗនេះក៏មានអ្នកសិល្បមួយចំនួនក៏បានទម្លាយរឿងរ៉ាវដ៏រសើបមួយនេះដូចគ្នា ខណៈពេលពួកគេក៏បានបញ្ចេញឈ្មោះផលិតករចំៗជាសាធារណរហូតឈានដល់ការព្រមានប្តឹងតាមផ្លូវច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ