រាជធានីភ្នំពេញ ៖ បុរសជាជនញៀនថ្នាំម្នាក់ត្រូវបានកម្លាំងមានសម្ថកិច្ចចាប់វាយខ្នោះដៃទាំងពីរជាប់ទៅខាងក្រោយ ក្រោយពីរូបគេមានអាការបែកថ្នាំ ហើយបានយកដុំថ្មទៅវាយបំផ្លិចបំផ្លាញកញ្ចក់ប៉ុស្តិ៍យាមមួយកន្លែងបណ្តាលអោយបែកខ្ទេចខ្ទីអស់ ។ ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍យាមមួយកន្លែង ស្ថិតនៅផ្លូវលេខ ព្រះនរោត្តមកែងនឹងផ្លូវលេខ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរសញៀនថ្នាំដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ ស្រី សានីរ៉ា អាយុ២៥ឆ្នាំ មុខរបរជាកម្មករ មានប្រពន្ធ និងកូនម្នាក់ ស្នាក់នៅផ្ទះលេខ២១៥ ផ្លូវព្រះនរោត្តម ក្រុម១២៤ ភូមិ១៦ ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុបុរសជាជនញៀនថ្នាំម្នាក់ខាងលើដោយមិនមានអ្នកណាម្នាក់បានដឹងថា រូបគេបានដើរមកពីទីណាឡើយ ហើយក៏បានមកអង្គុយនៅក្បែរប៉ុស្តិ៍យាមមួយកន្លែងខាងលើដែលកាលពីមុនជាគោលដៅយាមរបស់កម្លាំងនគរបាលនៃនាយកដ្ឋានអង្គរក្សតែមិនមានអ្នកណាម្នាក់នៅយាមឡើយ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីរូបគេបានមកអង្គុយមួយសន្ទុះទំនងជាថ្នាំញៀនធ្វើទុក្ខខ្លាំងក្នុងខ្លួន និងធ្វើឱ្យមានអាការបែកថ្នាំនោះក៏បានរើសយកដុំថ្មទៅទៅគប់ និង វាយបំបែកកញ្ចក់ប៉ុស្តិ៍យាមមួយកន្លែងខាងលើធ្វើអោយបែកកញ្ចក់អស់គ្នានសល់ ទើបបាន កម្លាំងនគរបាលរបស់នាយកដ្ឋានអង្គរក្សដែលនៅក្បែរនោះបានឃើញ និងរាយការមកប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឱ្យចុះមកធ្វើអន្តរាគម៍ និងចាប់វាយខ្នោះតែម្តង ។
ក្រោយពីកម្លាំងមានសម្ថកិច្ចចាប់យកជនដៃដល់មកដល់នគរបាលប៉ុស្តិ៍ទន្លេបាសាក់រួចហើយ បុរសរូបនោះបាននិយាយប្រាប់ថា «មកពីរូបគេបានយកឯកសារទៅបញ្ជាក់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជាច្រើនលើកច្រើនសារមកហើយតែលោកចៅសង្កាត់ទន្លេបាសាក់មិនស៊ីញ៉េអោយទើបឱ្យរូបគេខឹង និងធ្វើបែបនេះ» នោះ ។
ហើយរូបគេក៏ជាកូនរបស់មន្ត្រីនគរបាលនៃនយកដ្ឋានអង្គរក្សដែលយាមនៅក្បែរកន្លែងកើតហេតុនោះម្នាក់ផងដែរ ។ ថ្វីបើបុរសម្នាក់នោះនិយាយប្រាប់កម្លាំងមានសម្ថកិច្ចបែបនោះមែនតែទោះជាយ៉ាងណាវាគ្រាន់តែជាលេសប៉ុណ្ណោះ ដោយសារតែរូបគេជាមនុស្សដែលបានប្រើប្រាស់ថ្នាំញៀនចំនួនជាង៥ឆ្នាំមកហើយ តែងតែបង្កការអុកឡុកក្នុងគ្រួសារជាញឹកញាប់ និងពេលនេះរូបគេមានអាការបែកថ្នាំខ្លាំង និងទើបឈានទៅដល់ការវាយបំផ្លាញប៉ុស្តិ៍យាមមួយកន្លែងខាងលើបណ្តាលអោយបែកខ្ទេចខ្ទីបែបនេះនោះ ។
ក្រោយពេលកើតហេតុបុរសជាឳពុកបានចេញមុខមកធ្វើការដោះស្រាយដោយសុខចិត្តធ្វើការជួសជុលប៉ុស្តិ៍យាមដែលរងការខូចខាតនោះវិញហើយក៏បានសុំអោយត្រឹមតែកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការចាប់បញ្ជូនកូនប្រុសរបស់គាត់យកទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញប៉ុណ្ណោះ និងដោយសារតែគ្មានអ្នកណាប្តឹងនោះ ៕
ចែករំលែកព័តមាននេះ