ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា បុរសម្នាក់យកសត្វឆ្កែទៅមន្ទីរពេទ្យព្យាបាលមនុស្ស ហើយគំរាមសម្លាប់គ្រូពេទ្យចោល ប្រសិនបើឆ្កែរបស់ខ្លួនមានរឿងអ្វីកើតឡើង ដោយសារមិនបានទទួលការព្យាបាល។
រឿងហេតុ ដែលកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ក្នុងមន្ទីរពេទ្យក្រុង Nanning ខេត្ត Guangxi ត្រូវបានថតជាប់នៅក្នុងវីដេអូបង្ហោះលើបណ្តាញសង្គម។ វាបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ហើយចែករំលែកតៗគ្នា។
នៅក្នុងវីដេអូនោះ គេឃើញបុរសបង្ករឿងក្របួចដៃអាវគ្រូពេទ្យ ជាមួយនឹងដៃម្ខាង ហើយដៃម្ខាងទៀតកាន់ទូរស័ព្ទថត។ បើទោះបីជាគ្រូពេទ្យខំប្រឹងប្រកែកថា នេះជាមន្ទីរពេទ្យសម្រាប់មនុស្ស និងមិនអាចព្យាបាលសត្វបានក៏ដោយ ក៏គេនៅតែមិនព្រមយកឆ្កែទៅពេទ្យសត្វដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏គំរាមគ្រូពេទ្យថា នឹងត្រូវទទួលខុសត្រូវលើអ្វីៗទាំងអស់ ប្រសិនបើឆ្កែងាប់។
នៅវេលាម៉ោង៤ព្រឹក ដែលមានអ្នកជំងឺជាច្រើនអង្គុយរង់ចាំទទួលការព្យាបាល បុរសម្ចាស់ឆ្កែនៅតែរករឿងមិនឈប់ ដល់ថ្នាក់អង្គុយស្រែកយំផ្អើលគេផ្អើលឯង។ ដោយសារតែទ្រាំមិនបាន សន្តិសុខមន្ទីរពេទ្យក៏ចាប់យកទៅក្រៅ។ ពេលនោះ គេក៏ស្រែកគំរាមសម្លាប់គ្រូពេទ្យ។
អ្វីដែលកាន់តែហួសចិត្តនោះ គឺថា ឆ្កែមួយក្បាលរបស់បុរសខាងលើ មិនឈឺអ្វីធ្ងន់ធ្ងរដល់អាយុជីវិតឡើយ។ វាគ្រាន់តែមានស្នាមឆូតបន្តិចបន្តួច ដែលមិនធ្ងន់ធ្ងរសោះសូម្បីតែចេញឈាម៕ វីដេអូឃ្លីបដកស្រង់ចេញពី ៖ South China Morning Post
VIDEO
ចែករំលែកព័តមាននេះ