សហរដ្ឋអាមេរិក ៖ ខ្យល់ត្រជាក់ចាប់បោកបក់ជាថ្មីលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក JIM MATTIS ប្រកាសនាថ្ងៃទី២៨ សីហា ពីការឈប់ផ្អាកសមយុទ្ធយោធារបស់សម្ព័ន្ធមិត្តនៅឧបទ្វីបកូរ៉េ។
ក្រោយការជួបគ្នាកំពូលជាប្រវត្តិសាស្ត្រ កាលពីពាក់កណ្ដាលខែមិថុនា រវាងលោកដូណាល់ ត្រាំ និងលោកគីមជុង អ៊ុន នៅសិង្ហបុរី ក្រុងវ៉ាស៊ិនតោន បានប្រកាសពីការផ្អាកគ្មានកាលកំណត់សមយូទ្ធយោធាទាំងនេះ ជាសញ្ញានៃសុឆន្ទៈ។
លោក JIM MATTIS ពុំលើកពីកាលបរិច្ឆេទច្បាស់នៃការធ្វើឡើងវិញសមយុទ្ធយោធាទាំងនោះឡើយ។ លោកគូសបញ្ជាក់ថា កងយោធានឹងធ្វើការពិគ្រោះជាមួយបណ្ដាអ្នកការទូតអាមេរិក ដែលទទួលបន្ទុកខាងការចរចាជាមួយក្រុងព្យុងយ៉ាង មុនធ្វើរាល់ការសម្រេចចិត្ត។ លោកថា យើងពុំមានគម្រោងណាមួយផ្អាកសមយុទ្ធឯទៀតៗឡើយ។
ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក MIKE POMPEO នៅកូរ៉េខាងជើងគ្រោងធ្វើនាចុងសប្ដាហ៍កន្លងទៅ ត្រូវបានលុបចោល ក្រោយសារលិខិតមួយច្បាប់របស់ក្រុងព្យុងយ៉ាង ដែលអាជ្ញាធរអាមេរិកយល់ថា មានលក្ខណៈប្រទូស្តរ៉ាយមក។ ទោះបីយ៉ាងណាខ្លឹមសារនៃសារលិខិតនោះពុំត្រូវបានលាតត្រដាងឡើយ។
តាមTWITTER លោកត្រាំសរសេរថា ការរីកចម្រើនខាងការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានវិនិច្ឆ័យថា ពុំគ្រប់គ្រាន់។ កូរ៉េខាងជើងអាចរហូតដល់ផលិតមីស៊ីលថ្មីៗទៀតផង។
មានរបាយការណ៍នានាថា កូរ៉េខាងជើងធ្វើអ្វីតិចតួចណាស់ អាចរហូតដល់គ្មានផងសម្រាប់រំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទោះមានការសន្យារបស់លោកគីមជុងអ៊ុនក្នុងន័យនេះក្ដី។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី នីកគីហាឡី ក្នុងសន្និសីទមួយនាទីក្រុងវ៉ាស៊ិនតោន អះអាងនាថ្ងៃទី២៨ សីហាថា តើកូរ៉េខាងជើងកំពុងតែផ្លាស់ប្ដូរគំនិតចំពោះការរំសាយនុយក្លេអ៊ែរឬ? វាអាចដូច្នេះ។
ក្រោយការប្រកាសផ្អាកទស្សនកិច្ចរបស់លោក POMPEO នៅកូរ៉េខាងជើង និងការព្រមានធ្វើសមយុទ្ធយោធាឡើងវិញ សហរដ្ឋអាមេរិកបានបន្តឹងសំឡេងដាក់កូរ៉េខាងជើងញ៉ាំឲ្យមានភាពទ័លច្រក ដល់ការចរចាពីការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕
ចែករំលែកព័តមាននេះ