ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសព២នាក់ គឺបុរសម្នាក់ដេកស្លាប់នៅក្នុងចំការស្វាយចន្ទី និងម្នាក់ទៀតលង់ទឹកស្លាប់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ករណីទី១ នៅវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៥ សីហា មានប្រជាពលរដ្ឋបានប្រទះឃើញសពដេកស្លាប់ក្រោមដើមធ្នង់ក្នុងបរិវេណចំការស្វាយចន្ទីចម្ងាយប្រមាណ១០០០ម៉ែត្រ ខាងជើងភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។ សពជនរងគ្រោះឈ្មោះ កែវ សំពៅ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានតួនាទីជាអនុប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ ។
លោអធិការបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានលោកបានចាត់កម្លាំងចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ហើយបានធ្វើកោសល្យវិច្ច័យលើសពជនរងគ្រោះឃើញថា ពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន ខណៈជនរងគ្រោះមកមើលចំការម្នាក់ឯងចំណុចកើតហេតុខាងលើរបស់ខ្លួន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមករៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ចំណែកករណីទី២ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ សីហានេះដែរ មានបុរសវ័យចំណាស់ម្នាក់ត្រូវគេប្រទះឃើញលង់ទឹកស្លាប់ក្នុងកសិណប្រាសាទបន្ទាយឆ្មារ ជ្រុងខាងកើតនិងខាងត្បូង។ ជនរងគ្រោះឈ្មោះ ប៉ែ គី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅក្នុងវត្តបន្ទាយឆ្មារ ហើយមូលហេតុគឺបណ្តាលមកពីជនរងគ្រោះស្រវឹងស្រាជិះទូកដកព្រលឹត បណ្តាលឲ្យធ្លាក់ពីលើទូកចូលទឹកលង់ស្លាប់តែម្តង។ ក្រោយការពិនិត្យសាកសពរួចកម្លាំងជំនាញ និងប៉ុស្តិ៍បានប្រគល់ឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ចែករំលែកព័តមាននេះ