រាជធានីភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ត្រូវបានប្រកាសហើយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ជាមួយគ្នានោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានប្រកាសគាំទ្រ និងទទួលស្គាល់លទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ ដែលការគាំទ្រនេះធ្វើឡើងដោយយោងលើមូលហេតុចំនួន៦នេះ បើយោងតាមសេចក្តីថ្លែងការណ៍ ។
សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានលើកឡើងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានគ្រឹះស្ថានសិក្សាឯកជនចំនួន១០៣ ជាសមាជិកបានចាត់តាំងសមាជិករបស់ខ្លួន ចំនួន២៥៩៨នាក់ ដែលជានិស្សិតសាស្ត្រាចារ្យបញ្ញវន្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រប់ដណ្ដប់តាមការិយាល័យបោះឆ្នោត ទាំង២៥រាជធានីខេត្តទូទាំងប្រទេស ជាលក្ខណៈចល័ត និងអចល័ត ដើម្បីធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោត ។
តាមការពិនិត្យ និងសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់បំផុតទៅលើការបោះឆ្នោតនេះសមាគមបញ្ជាក់ថាទី១ បានពិនិត្យឃើញសេចក្តីថ្លែងការទទួលស្គាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជា ជាបន្តបន្ទាប់របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលបានចុះបញ្ជីនៅ គ.ជ.ប ។ ទី២ បានពិនិត្យឃើញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នូវលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ស្តីពីសំឡេងឆ្នោតដែលទទួលបានរបស់គណៈបក្សនយោបាយទាំង២០ ។ ទី៣ បានសាកសួរផ្ទាល់មាត់ជាមួយមន្ត្រីជាន់ខ្ពស់ គ.ជ.ប នានាជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីការគ្រប់គ្រង និងដឹកនាំរបស់ គ.ជ.ប ក្នុងបំណងដាក់ការជឿទុកចិត្ត ។ ទី៤ បានពិនិត្យឃើញដំណើរការដោះស្រាយបណ្ដឹងតវ៉ាពីគណបក្សទាំង២០ ។ ទី៥ បានពិនិត្យឃើញដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដូចសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៨ ។ ទី៦ បានពិនិត្យឃើញសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៨ ។
ដោយយោងទៅលើសេចក្តីថ្លែងការណ៍លើកទី១របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងយោងទៅលើការសង្កេតឃើញជាបន្តបន្ទាប់ដូចដែលបានរៀបរាប់ខាងលើ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រកាសគាំទ្រ និងទទួលស្គាល់នូវលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ។
ទាក់ទងឆ្នោតនេះលោកបណ្ឌិត ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានសន្និដ្ឋានថា បានប្រព្រឹត្តិទៅដោយរលូន គោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ និងស្ថិតនៅក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យ សេរី និងពហុបក្ស ៕
ចែករំលែកព័តមាននេះ