ខេត្តរតនគិរី ៖ ឈើប្រណីតចម្រុះរាប់រយដុំដែលគេដឹងថា មានតម្លៃរាប់ម៉ឺនដុល្លារត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះធ្វើការបង្ក្រាបនិងរឹបអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវ។ ការចុះបង្ក្រាបនោះធ្វើឡើងនៅម៉ោង៤រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅក្នុងឃ្លាំងស្តុកទុកដោយខុសច្បាប់មួយមួយកន្លែង ស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ គឺស្ថិតនៅក្បែរភ្នែក ក្បែរច្រមុះអាជ្ញាធរច្រកទ្វារអូយ៉ាដាវតែម្តង ។
ក្នុងប្រតិបត្តិការឡោមព័ទ្ធ និងឈានទៅឆែកឆេរឃ្លាំងស្តុកឈើដ៏ធំនោះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីដោយស្ថាប័នអយ្យការ អមសាលាដំបូងខេត្តរតនគិរី ផងនោះដែរ។ មន្ត្រីនៅក្នុងការបង្ក្រាបឈើនោះបានបង្ហើបថា បើតាមការឲ្យដឹងពីប្រជាពលរដ្ឋប្រាប់ថាឈើទាំងនោះឈ្មួញជនជាតិវៀតណាមបានចូលមកឈរជើងចាំប្រមូលទិញពីអ្នកដឹកតាមម៉ូតូ និងរ៉ឺម៉កនោះជាដើម។
លោកកថា ឈើប្រណីតទាំងនេះមានច្រើនប្រភេទ ដូចជាឈើស្រឡៅ ឈើកកោះ ឈើសុក្រំ និងមានជាច្រើនមុខទៀត។ កម្លាំងសមត្ថកិច្ចបានរកមធ្យោបាយដឹកជញ្ជូនយកមករក្សាទុកដើម្បីរង់ចាំធ្វើការវាស់វែង។ ហើយក្នុងហេតុការណ៍ចុះបង្ក្រាបនោះត្រូវបានម្ចាស់ផ្ទះស្តុកឈើនេះអះអាងថា ឈ្មួញជនជាតិវៀតណាម បានមកសុំដីរបស់គាត់ស្តុកទុកឈើនេះនៅពេលប្រមូលទិញបានច្រើនហើយ និងដឹកឈើនេះបន្តចេញទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូយ៉ាដាវ ។
ប្រជាពលរដ្ឋនោះថា លោកទទួលបានប្រាក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវភាពពីការឲ្យទីតាំងដីស្តុកឈើដល់ឈ្មួញជនជាតិវៀតណាមនោះរាប់ឆ្នាំហើយ។ ហើយក៏មិននឹកស្មានថា ត្រូវសមត្ថកិច្ចចុះមកបង្ក្រាបយ៉ាងដូច្នោះដែរ។ ទីតាំងស្តុកឈើនោះ គឺមានហ៊ុមព័ទ្ធដោយរបង និងមានដាំដើមម្រេចនៅតាមរបង និងដីឡូតិ៍នោះផងទៀត ព្រមទាំងដាក់ស្លាកធំៗថា «ហាមចូល» ទៀតផង។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ លោកបានបញ្ជាក់ថា លោកបានបញ្ជាឲ្យសមត្ថកិច្ចចម្រុះចុះឆែកឆេរ និងរឹបអូសឈើទាំងនោះមែន ព្រោះវាជាបទល្មើស ក្រោយពីទទួលដំណឹងការរាយការណ៍ពីមន្ត្រីជំនាញប្រចាំតំបន់នោះ។ លោកបន្តទៀតថា ម្ចាស់ផ្ទះដែលអនុញ្ញាតឲ្យមានការដឹកឈើចូលយកទៅស្តុបទុកខុសច្បាប់នោះ លោកនឹងពិភាក្សាគ្នាជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តថា តើត្រូវមានវិធានការណ៍បែបណានៅពេលក្រោយ?
ការបង្ហើបឲ្យដឹងពីប្រជាពលរដ្ឋរស់នៅជិតតំបន់ព្រំដែននោះថា សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនពីកម្ពុជាទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នាពេលនេះមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងខ្លាំងណាស់។ នៅពេលយប់ ពេលថ្ងៃច្រកទ្វារមួយនេះនៅតែបន្តបើកចំហរសំរាប់ឱ្យរថយន្តដឹកឈើគ្រប់ប្រភេទឆ្លងដែនទៅបានយ៉ាងរលូននោះផងដែរ៕
ចែករំលែកព័តមាននេះ