ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានឲ្យដឹងថា ក្រោយពីបានឃាត់ខ្លួនក្រុមជនដើរផ្សព្វផ្សាយខិត្តប័ណ្ណទាក់ទាញក្រុមបុរស ដោយប្រើរូបថតស្រីស្រស់ស្អាត ទោះបីជាគេប្រើពាក្យម៉ាស្សាបិទបាំងក្តី តែជាចេតនាបម្រើសេវាផ្លូវភេទដែលខុសច្បាប់ ទីបំផុតក៏ឈានដល់ការបង្ក្រាបទីតាំងម៉ាស្សា ដែលបង្កប់ការប្រព្រឹត្តអំពើសញ្ចារកម្ម(ជួញដូរផ្លូវភេទ) កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែសីហា នៅហាងម៉ាស្សាយីហោ«ប៉ាយជីងហាន់កុង» ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ការបង្ក្រាបនេះ ដឹកនាំនិងសម្របសម្រួលដោយលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ដោយមានកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ ។
នៅក្នុងការចុះទៅបង្ក្រាបហាងម៉ាស្សាខាងលើ បានរកឃើញជនជាតិចិនប្រុស-ស្រីចំនួន២៩នាក់ ក្នុងនោះស្ត្រី១៤នាក់ ។ នៅពេលធ្វើការសាកសួរឃើញថា នារីទាំង១៤នាក់ប្រកបរបរបម្រើផ្លូវភេទ ហើយក៏មានភ្ញៀវចំនួន៨នាក់ដែលទៅរកសេវាផ្លូវភេទផងដែរ ។ ក្រោយពីសាកសួរ សមត្ថកិច្ចក៏បានរកឃើញបុរសជនជាតិចិនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសសញ្ចារកម្មមានចំនួន៧នាក់ ៖
១-ឈ្មោះ Chen Zhimin អាយុ៤១ឆ្នាំ
កាន់លិខិតឆ្លងដែនលេខ ED៤៧៤៧៩៣១ ស្នាក់នៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជា ថៅកែហាងម៉ាស្សា ។
២-ឈ្មោះ Wu Xiangyun អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខED៨៥៨៥៣១ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអ្នកគិតលុយ ។
៣-ឈ្មោះ Xu Fei អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខED៥៨៥៨២៧៣ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអ្នកគ្រប់គ្រងនារីនៅជាន់លើ ។
៤-ឈ្មោះ Zhuang Fei Yun អាយុ ៣៧ឆ្នាំកាន់លិខិតឆ្លងដែនលេខED៨៩១៣២៧១ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអ្នកបើករថយន្តជូនភ្ញៀវ ។
៥-ឈ្មោះ Chen Gang អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជា អ្នកទិញអីវ៉ាន់សម្រាប់បម្រើ ។
៦-ឈ្មោះ Zhang Bing អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខG៥៩៣៨៧៥១៩ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជា អ្នកចែកខិត្តប័ណ្ណ ឃោសនាស្រីស្អាតដើម្បីទាក់ម៉ូយបុរស ។
៧-ឈ្មោះ Shi Youdan អាយុ៣៦ឆ្នាំ កាន់ លិខិតឆ្លងដែនលេខED៦៦៧០០៥៨ ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអ្នកចែកខិត្តប័ណ្ណបង្ហាញស្រីស្អាតដើម្បីទាក់ម៉ូយ ។
ចំណែកវត្ថុតាងដែលចាប់យកមាន ស្រោមអនាម័យប្រើប្រាស់រួច១ ស្រោមអនាម័យមិនទាន់ប្រើប្រាស់មួយចំនួនធំ នាមប័ណ្ណហាងម៉ាស្សា១០ប្រអប់ វិក្កយបត្រមួយចំនួន ឧបករណ៍ជំនួយក្នុងការរួមភេទ(បាល់ខ្យល់ ជើងទ្រធំ ជើងទ្រតូច) ទូរស័ព្ទដៃ១៣គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀតដែលពាក់ព័ន្ធនឹងអាជីកម្មផ្លូវភេទ ។
ចំពោះបុរសជនជាតិចិនទាំង៧នាក់ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្ត ។ ក្រៅពីនោះ មានស្រីចិនម៉ាស្សាទាំងឡាយ បានឱ្យទៅផ្ទះវិញ គ្រាន់តែអប់រំ កុំឱ្យបម្រើផ្លូវភេទបើកចំហធំពេកតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ