ខេត្តសៀមរាប៖ ប៉ូលិសប៉ុស្តិ៍សង្កាត់គោចកម្នាក់ ត្រូវឃាតករតាមប្រមាញ់ចាក់សម្លាប់យ៉ាងព្រៃផ្សៃជិតដល់ផ្ទះដែលសល់តែចម្ងាយ២០០ម៉ែត្រទៀតប៉ុណ្ណោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រលឹមអុលនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវក្រួសក្រហមពីថ្នល់ជាតិចម្ងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ខេត្តសៀមរាប។
ជនរងគ្រោះខាងលើឈ្មោះ ហ៊ឹម វណ្ណរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខងារព្រិន្ទបាលឯក ជាមន្ត្រីប៉ូលិសប៉ុស្តិ៍សង្កាត់គោកចក ក្រុងសៀមរាប មានទីលំនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ។
តាមសាក្សីនៅកន្លែងកើតហេតុប្រាប់ថា មុនកើតហេតុ ពួកខ្ញុំកំពុងដេកនៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូ២ទៅ៣គ្រឿងជិះដេញចាក់គ្នាដូចក្នុងរឿងហុងកុងមួយសន្ទុះក៏ស្ងាត់ឆឹង ។ បន្ទាប់ពីស្ងាត់ហើយ ពួកគាត់ក៏ដាស់គ្នាចេញមកមើលក៏ឃើញមនុស្សដេកស្លាប់នៅតាមផ្លូវក្រួសក្រហមចម្ងាយពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ រួចមានអ្នកជិតខាងខលទៅរាយការណ៍ប៉ូលិសមូលដ្ឋាន ក្រោយមកប៉ូលិសប៉ុស្តិ៍សង្កាត់ស្លក្រាម និងប៉ូលិសក្រុង/ខេត្តចុះមកកន្លែងកើតហេតុភ្លាមៗផងដែរ ព្រមទាំងមានប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើលក្រែងមានអ្នកស្គាល់។
ប្រភពពីប៉ូលិសម្នាក់ប្រាប់ថា ជនរងគ្រោះជាមន្ត្រីប៉ូលិសប៉ុស្តិ៍សង្កាត់គោកចក ហើយយប់ថ្ងៃ១៤ សីហា ជនរងគ្រោះបានជិះម៉ូតូទៅលេងផ្ទះបងធម៌ដូចសពដង ហើយធ្លាប់ដេកនៅទីនោះផងដែរ។ នៅយប់នោះ ជនរងគ្រោះត្រូវបានសំរាកពីការងារក៏ជិះម៉ូតូមកផ្ទះ ខណៈជនរងគ្រោះកំពុងជិះម៉ូតូចូលទៅផ្ទះ ស្រាប់តែជនសង្ស័យដេញតាមពីក្រោយចាក់សម្លាប់ទាំងអធ្រាត្រតែម្តង ដោយប្រើកូនកាំបិតចុងស្រួច២ដើមចាក់ចំពីមុខ៩កាំបិត និងខាងខ្នង១កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចជនសង្ស័យក៏ទំលាក់កាំបិត២ដើមនោះចោលក្បែរសព ក្រោយមកគេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ រួចធ្វើកោសល្យវិនិច្ឆ័យសន្និដា្ឋនថា ជនរងគ្រោះពិតជាត្រូវឃាតករចាក់សម្លាប់ដោយប្រើកូនកាំបិតចិត្តបន្លែមុខស្រួចចំនួន២ដើមមែន ហើយជនសង្ស័យមានគ្នាចាប់២ទៅ៣នាក់ទើបធ្វើកើត ប្រហែលជារឿងគំនុំ ព្រោះទ្រព្យសម្បត្តិឃើញនៅកន្លែងកើតហេតុទាំងអស់។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅបូជានៅវត្តត្រាំនាគ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម នៅព្រឹកថ្ងៃដដែល។ ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឱ្យខានតែបាន៕
ចែករំលែកព័តមាននេះ