រាជធានីភ្នំពេញ ៖ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងព័ត៌មានជាមួយប្រទេសឥណ្ឌា ព្រះរាជាណាចក្រកម្ពុជានឹងដាក់ឲ្យដំណើរការសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village) នៅក្នុងភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ នាពេលដ៏ខ្លីខាងមុខ ។ នេះបើយោងតាមជំនួបរវាងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយលោកជំទាវManika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៦ សីហា កន្លងមក ។
នៅក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។
តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែល្អប្រសើរ ជាពិសេស លើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ក្នុងនោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា បានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារដែលមានមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។
លោករដ្ឋមន្ត្រីថ្លែងបន្ដថា ៖« ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយតាមរយៈកិច្ចពិភាក្សានោះ ភាគីឥណ្ឌាបានសម្រេចជ្រើសរើសយកស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village) នេះ » ៕
ចែករំលែកព័តមាននេះ