រាជធានីភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ពេលបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រែកព្នៅ ពេលជនរងគ្រោះរើអីវ៉ាន់ប៉ះចំខ្សែភ្លើងតំណ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើបែរ ចិញ្ចឹមត្រីតាមមាត់ទន្លេ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះដែលត្រូវចរន្តអគ្គីសនីឆក់ស្លាប់ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរចិញ្ចឹមត្រី ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំរើអីវ៉ាន់នៅលើបែរចិញ្ចឹមត្រីនោះ ស្រាប់តែប៉ះខ្សែភ្លើងតំណ បណ្តាលអោយឆក់ដួល ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូដើម្បីបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រែកព្នៅ តែត្រូវគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ។
សពត្រូវបានក្រុមគ្រួសារដឹកតាមទូកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ