រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ក្តោងច្រមុះ ខណៈដែលជិះម៉ូតូទៅយកប្រពន្ធទិញម្ហូបមុខរោងចក្រ ហើយនិយាយសើចលេងជាមួយបងប្អូនស្រី២នាក់ទៀត បែរជាជនដៃដល់ម្នាក់ក្នុងចំណោមគ្នា២នាក់ជិះម៉ូតូមកដល់ចោទថាសើចឌឺ ចុះវាយជ្រមុជដី បណ្តាលឱ្យរងរបួសបាក់ក្តោងច្រមុះ កាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅរោងចក្រដើមពោធិ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ សឿន សុខលី ហៅលន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងប្រពន្ធឈ្មោះ ស៊ីម ចាន់ថេ អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រជាមួយគ្នា មានស្រុកកំណើត ភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យត្រូវបានជនរងគ្រោះអះអាងថា អតីតធ្វើការងាររោងចក្រជាមួយគ្នា ហើយបានឈប់អស់រយៈពេល២ឆ្នាំមកហើយ ស្គាល់តែមុខ មិនស្គាល់ឈ្មោះ ស្នាក់នៅម្តុំកន្លែងកើតហេតុ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ថ្វីត្បិតពីមុនមកខ្លួន និងជនសង្ស័យធ្លាប់ធ្វើការរោងចក្រជាមួយគ្នាក៏ពិតមែន តែមិនដែលស្គាល់ឈ្មោះ ហើយក៏មិនដែលមានទំនាស់អ្វីជាមួយជនសង្ស័យពីមុនមកដែរ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ពេលដែលចេញពីការងារថែមម៉ោង ប្រពន្ធគាត់ដើរទៅរកទិញម្ហូបក្បែរនោះមុន គាត់រួមជាមួយប្អូនស្រី និងមិត្តរួមការងារជិះម៉ូតូបណ្តើរ អមជាមួយប្អូនៗដើរថ្មើរជើងនិយាយគ្នាសើចលេងបណ្តើរ លុះទៅដល់កន្លែងប្រពន្ធទិញម្ហូប គ្រាន់តែឈប់ម៉ូតូភ្លាម ស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ជិះម៉ូតូឈប់ភ្លាមដែរ រួចចុះមកចោទប្រកាន់គាត់ថាសើចឌឺ ស្ទុះវាយចាប់ជ្រមុជនឹងដី បណ្តាលឲ្យរបួសបាក់ក្តោងច្រមុះ ហើយឡើងជិះម៉ូតូគេចខ្លួនទៅបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះរួមជាមួយបងប្អូនក្រុមគ្រួសារនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីឲ្យជួយអន្តរាគមន៍ ៕
ចែករំលែកព័តមាននេះ