សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា គ្រោះថ្នាក់ចរាចរណ៍មួយនៅក្រុងកាឡេតុនវិល (Carletonville) ភាគខាងជើងប្រទេសអាហ្វ្រិកខាងត្បូង បង្កឲ្យមានអ្នករបួស និងស្លាប់ជាច្រើននាក់ ក្នុងនោះស្ត្រីម្នាក់សុំមិនបង្ហាញឈ្មោះ ត្រូវក្រុមគ្រូពេទ្យបញ្ជាក់ថា នាងស្លាប់បាត់បង់ជីវិត រួចយកទៅទុកក្នុងបន្ទប់រក្សាសពមួយនៅក្នុងទីក្រុង ។
ស្របពេលជាមួយគ្នានោះបុគ្គលិកនៅក្នុងបន្ទប់រក្សាទុកសពក៏ត្រួតពិនិត្យមើលទូរក្សាទុកសពនីមួយៗ នៅពេលគេទាញទូរសពរបស់ស្ត្រីនេះចេញក៏ភា្ញក់ផ្អើល ព្រោះនាងនៅរស់ ។
បើតាម BBC កាលពីថ្ងៃទី២ កក្កដា ២០១៨ បានបញ្ជាក់ថា ក្រោយពីឃើញនៅរស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្រុងចូហានណេស្ប៊ើក ។ បច្ចុប្បន្ននាងកំពុងសម្រាកព្យាបាល ហើយក្រុមគ្រួសារមិនសប្បាយចិត្តចំពោះគ្រូពេទ្យដែលថានាងស្លាប់ ។
លោក Gerrit Bradnick ប្រធានក្រុមហ៊ុន «Distress Alert» ដែលផ្ដល់សេវាកម្មរថយន្តសង្គ្រោះបន្ទាន់ថ្លែងថា មានអ្នករងរបួស និងស្លាប់ជាច្រើននាក់ពីឧប្បត្តិហេតុដែលកើតឡើង។ នៅកន្លែងកើតហេតុមានស្ត្រីម្នាក់ប្រទះឃើញថា គ្មានដង្ហើមទើបប្រកាសថាស្លាប់ បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតពីរឿងនេះ ។
លក្ខណៈដូចគ្នានេះមិនមែនជាលើកដំបូងទេ កាលពីខែមករាកន្លងមកក៏មានអ្នកទោសម្នាក់នៅក្នុងគុកអេស្ប៉ាញ ត្រូវប្រកាសថា បានស្លាប់ ប៉ុន្តែក្នុងពេលបញ្ជូនសពទៅធ្វើកោសល្យវិច័យ ស្រាប់តែនៅមានដង្ហើម ៕
ចែករំលែកព័តមាននេះ