ខេត្តកំពត ៖ តាមសេចក្តីរាយការពីអធិការរងក្រុងកំពតបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រសទិសគ្នា បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៨ លើកំណាត់ផ្លូវទៅរមណីយដ្ឋានទឹកឈូ ត្រង់ចំណុចមុខហាងបរទេស(ណាហ្គ្រា) ស្ថិតក្នុងភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ សេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡឹក បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ឈ្មោះគឹម ណេង ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ។ អ្នកទាំងពីររស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រីឯម៉ូតូរបស់ជនរងគ្រោះម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត ១G-៧០៨៩ ។ ចំណែកភាគីម្ខាងទៀតជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប ១A- ២២៦១ បើកបរដោយឈ្មោះ ស៊ុយ សុខហ៊ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ បានរងរបួសធ្ងន់ ។តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប ១A-២២៦១ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត ១G-៧០៨៩ បើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យអ្នកបើកបរម៉ូតូម៉ាកសង់កូរ៉េ ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ទៀតបានរងរបួសស្រាល ចំណែកអ្នកបើកបរម៉ូតូម៉ាកស្មាស់បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចយករថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែដោយសាររបួសធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យក៏បានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យភ្នំពេញទាំងយប់។
ក្រោយពេលកើតហេតុ ម៉ូតូដែលបានខូចខាតធ្ងន់ធ្ងរទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការក្រុងកំពត រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ