រាជធានីភ្នំពេញ ៖ អ្នកគ្រូបង្រៀនម្នាក់បានជិះម៉ូតូមួយគ្រឿងទៅបង្រៀនក៍បានជ្រុលទៅបុករទេះគោពីក្រោយ បណ្តាលអោយបោកក្បាលស្លាប់នៅកន្លែងកើតហេតុ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៨ នៅតាមផ្លូវលេខ១៥១ មុខបន្ទាយទាហាន ដើមអំពិល ក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្រៅ ។ ស្ត្រីរងគ្រោះដែលស្លាប់ត្រូវបាននគរបាលអោយដឹងថា ឈ្មោះរឿន សារ៉េត អាយុ៦៤ឆ្នាំ ជាគ្រូបង្រៀននៅអង្គការ មានលំនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។ តាមការអះអាងពីក្មួយស្ត្រីរងគ្រោះថា បន្ទាប់ពីគ្រោះថ្នាក់កើតឡើង ម្ចាស់រទេះគោក៍បានរុញរទេះគោរបស់ខ្លួនទំលាក់ចូលបឹងតាមោកតែម្តង ហើយភ្លាមៗនោះម្ចាស់រទេះគោក៏ត្រូវបាននគរបាលឃាត់ខ្លួនផងដែរ។ តាមព័ត៌មានអោយដឹងថា នៅវេលាទៀបភ្លឺដោយមេឃនៅងងឹតនៅឡើយ អ្នកគ្រូរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១AS-៦៣០៤ ធ្វើដំណើរ តាមផ្លូវលេខ ១៥១ ក្នុងទិសដៅពីលិចទៅកើត គោលបំណងទៅបង្រៀន នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយជិះម៉ូតូមួយគ្រឿងពីមុខម៉ូតូក្មួយស្រី ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ដោយសារតែស្ថានភាពងងឹតក៍បានជ្រុលទៅបុករទេះគោពីក្រោយ បណ្តាលអោយអ្នកគ្រូបោកក្បាលស្លាប់តែម្តង ។ ចំណែកអ្នកបររទេះគោ ភ្លាមៗនោះគេពុំស្គាល់ឈ្មោះឡើយ ហើយត្រូវបាននគរបាលនាំខ្លួន ទៅកាន់អធិការដ្ឋាន ខណ្ឌព្រែកព្នៅដើម្បីដោះស្រាយ រីឯសពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យនៅលំនៅឋាន ៕
ចែករំលែកព័តមាននេះ