ខេត្តស្វាយរៀង ៖ ឯកឧត្តមហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងបានដឹកនាំអង្គប្រជុំដោះស្រាយបញ្ហាទឹកលិច ដំណាំស្រូវបងប្អូនកសិករ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាបឋមចំនួន២០គ្រួសារ លើផ្ទៃដីប្រមាណ៥០ហិកតា ដោយសារការដោះទឹកចេញពីអាងទឹកវ៉ៃគោ តាមការស្នើសុំក្រុមហ៊ុនសាងសង់ស្ពានតាហោ ដើម្បីចាក់បេតុងធ្វើគ្រឹះស្ពាន ។
ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាឃុំបាសាក់ ដោយមានការចូលរួមពីសំណាក់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ បានចូលរួមយោបល់ដោះស្រាយបញ្ហាប្រឈម ។
ជាលទ្ធផលឯកឧត្តមបានសម្របសម្រួល និងសម្រេចដូចខាងក្រោម ៖ ១- យោងតម្រូវការចាំបាច់បងប្អូនកសិករ មន្ទីរធនធានទឹក និងឧតុនិយមខេត្តធ្វើការបិទទ្វារទឹកនៃអាងទឹកវ៉ៃគោ ជាបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈដល់បងប្អូនធ្វើការច្រូតកាត់ស្រូវដែលរងផលប៉ះផល ប្រមាណ៥០ហិកតា ។
២- អាជ្ញាធរភូមិ-ឃុំ និងមន្ទីរជំនាញបន្តតាមដានសភាពការណ៍ជាក់ស្តែងប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង ឬមានទឹកច្រើនធ្លាក់មកពីប៉ែកខាងលើ មន្ទីរធនធានទឹកខេត្ត នឹងបើកទ្វារទឹកទ្បើងវិញ ដើម្បីសម្រួលដល់ការសាងសង់ស្ពានដែលកំពុងចាក់គ្រឹះបេតុង ។ ដំណោះស្រាយនេះទាំងប្រជាកសិករ និងក្រុមហ៊ុនទទួលយកដោយមិនមានភាគីណាមួយទទួលរងផលប៉ះពាល់នោះទេ ៕
ចែករំលែកព័តមាននេះ