ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ យាង​និវត្តន៍​មក​ដល់​មាតុភូមិ​វិញ បន្ទាប់​ពី​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច នៅ​ប្រទេស​ចិន

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​គង់​ប្រថាប់​ បំពេញ​ព្រះរាជ​ទស្សនកិច្ច នៅ​ខេត្ត​ហៃ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​បី​ថ្ងៃ (​ពី​ថ្ងៃ​ទី​១៩-២១ ខែធ្នូ ឆ្នាំ​២០២៤)…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​គង់​ប្រថាប់​ បំពេញ​ព្រះរាជ​ទស្សនកិច្ច នៅ​ខេត្ត​ហៃ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​បី​ថ្ងៃ (​ពី​ថ្ងៃ​ទី​១៩-២១ ខែធ្នូ ឆ្នាំ​២០២៤) ដែល​ជា​ការ​តប​តាម​ការ​អញ្ជើញ​របស់​ភាគី​ចិន​នោះ នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ​ឆ្នាំ​២០២៤ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេច​យាង​និវត្តន៍​មក​ដល់​មាតុភូមិ​វិញ ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព តាម​ព្រះ​ទីនាំង​យន្តហោះ​ពិសេស​ ។

យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​យាង​មក​ដល់​របស់​ព្រះករុណា ព្រះមហាក្សត្រ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោក​ជំទាវ ជា​សមាជិក​សមាជិកា ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត​ ។

ដោយឡែក ឯកអគ្គរដ្ឋទូត​ចិន ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រី​ស្ថានទូត​ចិន ក៏​មាន​វត្តមាន​ក្នុង​ឱកាស​នោះ​ផង​ដែរ ​។

សូម​ជម្រាប​ថា ក្នុង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នៅ ខេត្តហៃ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង បាន​ព្រះ​រាជទាន​ព្រះរាជ​សវនាការ​ដោយឡែក​ពី​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ហៃ​ណា​ន និង​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំង​សិស្សានុសិស្ស​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​សាលា​ពុទ្ធិកសិក្សា​ណា​ន​ហៃ​ផង​ដែរ​។ ព្រះរាជ​ទស្សនកិច្ច​របស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង យាង​ទៅ​កាន់​ខេត្ត​ហៃ​ណា​ន នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំង​ពីរ ​។

គួរ​រម្លឹក​ដែរ​ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេច​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ខេត្ត​ហៃ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ