ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី២០ មិថុនា បានផ្សាយថា UNបានសម្តែងការសោកស្ដាយបំផុតដែលថៃប្រើទោសប្រហារជីវិតទៅលើអ្នកទោសជាលើកដំបូងក្នុងអំឡុងពេល៩ឆ្នាំ ដោយមិនបានបញ្ជាក់ប្រាប់មុន និងដើរបញ្ច្រាស់ទិសលើកិច្ចសន្យា រួមទាំងទាមទារឱ្យថៃត្រូវលុបចោលលើទោសប្រហារជីវិតនេះ ។
កាលពីថ្ងៃទី១៩ មិថុនា ២០១៨ អគ្គលេខាធិការអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅ
«អាស៊ាន» (OHCHR) បានសំដែងការសោកស្ដាយយ៉ាងក្រៃលែងលើករណីដែលអាជ្ញាធរថៃប្រកាសពីទោសប្រហារជីវិតលើលោកធីរ៉ាសាក់ លុងជី (Theerasak Longji) អាយុ២៦ឆ្នាំ ហើយអង្គការសហប្រជាជាតិនឹងជំទាស់លើវិធីសាស្ត្រដាក់ទោសដោយប្រហារជីវិតនេះ ។ OHCHR បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៨ មិថុនាកន្លងមកខាងពន្ធនាគារបានបង្ហាញរបាយការណ៍ពីទោសប្រហារជីវិតដល់អ្នកទោសម្នាក់គឺលោកធីរ៉ាសាក់ លុងជី ដោយការចាក់សារធាតុពុល ក្រោយពីតុលាការសម្រេចឲ្យប្រហារជីវិតពីបទប្រើអំពើហិង្សាលើអ្នកផ្សេងរហូតស្លាប់បាត់បង់ជីវិត នៅភាគខាងត្បូងប្រទេសថៃ ។
បច្ចុប្បន្ន ហេតុផលនៃការប្រហារជីវិតលើអ្នកទោសនេះនៅមិនទាន់មានភាពច្បាស់លាស់ ។ បើពិនិត្យលើឥរិយាបថរបស់រដ្ឋាភិបាលថៃ មិនបានដំណើរការទោសប្រហារជីវិតអស់រយៈពេល៩ឆ្នាំមកហើយ ។ លោកស្រីសុីនធា វ៉េលីកូ(Cynthia Veliko) តំណាងរបស់អគ្គលេខាធិការដើម្បីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅតំបន់អាស៊ានបានថ្លែងថា «ការយកទោសប្រហារជីវិតមកប្រើជាថ្មី គឺជាការដើរបញ្ច្រាស់ទិសលើកិច្ចសន្យារបស់ថៃទាំងនៅក្នុងប្រទេស និងអន្តរជាតិលើអនុសញ្ញាUniversal Periodic Review កាលពីឆ្នាំ២០១៦ ដែលថៃប្ដេជ្ញាថានឹងដំណើរការពីបទដ្ឋាននានា ដើម្បីលប់ចោលទោសប្រហារជីវិតនេះ» ៕
ចែករំលែកព័តមាននេះ