រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៧ មិថុនា ២០១៨ បានចាប់បញ្ជូនជនជាតិនីហ្សេរីយ៉ាម្នាក់ ទៅកាន់សាលាដំបូងរាជធានី ពាក់ព័ន្ធលើបណ្តឹងស្ត្រីវៀតណាមម្នាក់ ចោទប្រកាន់ពីបទឆបោកប្រាក់ជាង៣០មឺុនដុល្លារអាមេរិក ។ ជនជាប់ចោទឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិស្បែកខ្មៅ ។ ចំណែកស្ត្រីវៀតណាមជាដើមបណ្តឹងឈ្មោះ Darg Mai Nga អាយុ៣៨ឆ្នាំ ជាអ្នកជំនួញ ។ មន្ត្រីនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ មិថុនា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាប់ចោទស្បែកខ្មៅខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជនជាតិវៀតណាម ដែលបានចោទប្រកាន់រឿងឆបោកប្រាក់ចំនួន៣៥៦.០០០ដុល្លារអាមេរិក ។
យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែមករា ២០១៨ ដើមបណ្តឹងបានស្គាល់ជនជាតិស្បែកខ្មៅនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ។ លុះថ្ងៃទី១០ មករា ជននេះបានទៅទីក្រុងហាណូយប្រទេសវៀតណាមសុំជួប ដោយនិយាយលួងលោមបញ្ចុះបញ្ចូលឱ្យស្ត្រីវៀតណាមរូបនេះចូលហ៊ុនបើកសិប្បកម្មផលិតឥដ្ឋការ៉ូ នៅប្រទេសកម្ពុជា ។ ជនជាប់ចោទបានប្រើល្បិចនាំស្ត្រីវៀតណាមរូបនោះមកប្រទេសកម្ពុជាដើម្បីមើលទីតាំងបង្កើតសិប្បកម្មផលិតឥដ្ឋការ៉ូ ដោយអះអាងថា មានមិត្តភក្តិនៅប្រទេសកម្ពុជា ។
មន្ត្រីសមត្ថកិច្ចបន្តថា ដោយមានការជឿទុកចិត្ត ជនរងគ្រោះបានផ្តល់ប្រាក់ឱ្យជនជាតិស្បែកខ្មៅជាបន្តបន្ទាប់ចំនួន៥លើក សរុប៣៥៦.០០០ដុល្លារអាមេរិកតាមរយៈគណនេយ្យរបស់ពួកគេ ដែលបានផ្តល់ឱ្យគ្នាទៅវិញទៅមក ។ ក្រោយពេលបានទទួលប្រាក់នោះហើយ ជនជាប់ចោទបានបិទទូរស័ព្ទ និងគេចខ្លួនមិនអាចទាក់ទងបានមួយរយៈ ។ លុះថ្ងៃទី១៥ មិថុនា ជនជាប់ចោទបានទូរស័ព្ទទៅស្ត្រីវៀតណាមជាដើមចោទថា សិប្បកម្មធ្វើជិតរួចរាល់ហើយ ឱ្យគាត់ផ្តល់ប្រាក់ចំនួន១៥០.០០០ដុល្លារអាមេរិកបន្ថែមទៀត ។ ពេលនេះលែងមានការទុកចិត្ត ក៏បានណាត់ជួបគ្នានៅប្រទេសកម្ពុជា ទើបប្តឹងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឱ្យចាប់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ