ខេត្តកំពង់ឆ្នាំង ៖ រហូតដល់ពេលនេះស្ពានព្រែកតាកំ ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចនៅមិនទាន់មានអង្គភាព ឬមន្ទីរណាចុះទៅជួយកសាងឲ្យប្រជាពលរដ្ឋបានធ្វើដំណើរនោះទេ បន្ទាប់ពីស្ពានទ្រុឌទ្រោម និងបានបាក់ទាំងស្រុង កាលពីកន្លងទៅថ្មីៗនេះ ។ ម្យ៉ាងវិញទៀតបន្ទាប់ពីទឹកទន្លេបានឡើងលិចផ្លូវវាងដែលមិនអាចធ្វើដំណើរបានទៀតនោះអាជ្ញាធរភូមិឃុំបានសម្រេចចិត្តរៃអង្គាសប្រាក់គ្នា ជួសជុលស្ពាននោះឡើងវិញ សម្រាប់ការធ្វើដំណើរជាបណ្តោះអាសន្នត្រឹមថ្មើជើង និងម៉ូតូតែប៉ុណ្ណោះ ជាមួយគ្នានោះក៏មានសប្បុរសជនឈឺឆ្អាលក្នុងរឿងនេះក៏បានជួយឧបត្ថមផងដែរ ។
លោក រ៉ន សោភ័ណ្ឌ ប្រធានការិយាល័យអន្តរវិស័យស្រុកកំពង់ត្រឡាចបានឲ្យដឹងថា លោកបានទទួលប្រាក់ចំនួន១លានរៀលពីសប្បុរសជន លោកឌិន ហាក់ និងភរិយាគង់ មុំ ជាអាជីវករលក់ដូរនៅផ្សារកំពង់កំពង់ត្រឡាច បន្ទាប់ពីពួកគាត់បានទទួលដំណឹងថា ស្ពានព្រែកតាកំ មិនទាន់មានការជួសជុល ឬកសាងនោះទេ ហើយពេលនេះទឹកទន្លេបានឡើងមិនអាចដើរផ្លូវវាងដូចមុនបាន ប្រជាពលរដ្ឋរួមអាជ្ញធរភូមិ-ឃុំកំពុងនាំគ្នារៃអង្គាសប្រាក់ធ្វើស្ពាននោះ ទើបពួកគាត់ពីរនាក់ប្តីប្រពន្ធ សូមរួមចំណែកកសាងស្ពានខាងលើនេះចំនួន១លានរៀល ។ ប្រាក់ទាំងនេះលោកបានយកទៅប្រគល់ឲ្យលោកមេភូមិក្រុមប្រឹក្សាឃុំអំពិលទឹក និងជាង រួចហើយកាលពីរសៀលថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ ។
លោកបានបញ្ជាក់ថា ស្ពានដែលប្រជាពលរដ្ឋកំពុងជួសជុលធ្វើឡើងវិញនោះ គឺសម្រាប់ការធ្វើដំណើរជាបណ្ដោះអាសន្នត្រឹមធ្វើដំណើរដោយថ្មើរជើង និងម៉ូតូបានតែប៉ុណ្ណោះមិនអាចបររទះគោ ឬគោយន្តបានឡើយ ហើយប្រសិនបើខាងក្រសួង ឬសាម៉ីមន្ទីរ អង្គភាពណាត្រូវធ្វើស្ពានថ្មី គឺមានកន្លែងសម្រាប់ធ្វើបាន នៅក្បែរគ្នាព្រោះ បើមិនបង្ខំធ្វើកូនសិស្ស ប្រជាពលរដ្ឋ មិនអាចធ្វើដំណើរបានឡើយ ។
សូមរំឮកថា ស្ពានព្រែកតាកំមានសភាពទ្រុឌទ្រោមយូរឆ្នាំណាស់មក ហើយប្រជាពលរដ្ឋធ្លាប់បានសំណូមពរ អាជ្ញាធរខេត្តមន្ទីរក្រសួងពាក់ព័ន្ធ ប៉ុន្តែមិនមានការជួយជួសជុល ឬកសាងថ្មីនោះឡើយរហូតរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ពាននោះបានបាក់ទាំងស្រុងតែម្តង ។
ក្រោយពេលបាក់ស្ពានខាងលើអាជ្ញាធរមូលដ្ឋានបានរៃប្រាក់គ្នាជាមួយប្រជាពលរដ្ឋធ្វើផ្លូវវាងចំណុចនោះបណ្តោះអាសន្ន តែពេលនេះទឹកឡើងលិចផ្លូវវាងនោះទៅហើយ មិនអាចធ្វើដំណើរបានទេ ។
សូមបញ្ជាក់ថា ស្ពានព្រែកតាកំ បំរើឲ្យប្រជាពលរដ្ឋ ១១ភូមិ ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រៅពីនោះមានខេត្តជាប់ព្រំប្រទល់ក៏ប្រើប្រាស់ស្ពាននោះដែរ មានខេត្តកំពង់ចាម និងខេត្តកណ្តាលជាដើម ៕
ចែករំលែកព័តមាននេះ