ខេត្តបាត់ដំបង ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងបានប្រគល់ថវិកាធានារ៉ាប់រងដល់អតីតយុទ្ធជន និងគ្រួសារពលីពិការនៅវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ប្រធានស.អ.ក ខេត្តបាត់ដំបង , លោកស្រីនិន កន្និដ្ឋា នាយិការងបេឡាជាតិ អតីតយុទ្ធជនកម្ពុជា , លោកឧត្តមសេនីយ៍ត្រី ហេង ចន្ថា ស្នងការរង នគរបាលខេត្ត សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត, លោកវរសេនីយ៍ទោ ហួត សុភាព មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សមាជិកគណៈកម្មាធិការ ស.អ.ក ខេត្ត, លោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ ។
លោកវង្ស រដ្ឋា អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត តំណាងអនុប្រធានប្រចាំការ ស.អ.ក ខេត្តបាត់ដំបងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងឧបត្ថម្ភមួយលើក ជូនដល់គ្រួសារនិវត្តជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ អញ្ជើញចូលរួមមាន លោកវរសេនីយ៍ទោ គ្រៀល សាឯម មេបញ្ជាការ ផ្នែកសឹករងស្រុក ប្រធានស.អ.កស្រុក , លោកអនុប្រធានទាំង៤ និងក្រុមការងារស.អ.ក ខេត្ត-ស្រុក ក្រុមការងារបេឡាជាតិ អាជ្ញាធរដែនដីសរុបចំនួន៤២នាក់ ។
លោកស្រីនិន កន្និដ្ឋា នាយិការងបេឡាជាតិអតីតយុទ្ធជនបានបញ្ជាក់ថា ដោយយោងតាមការមើលឃើញ និងសំណើរអំពីជួបការលំបាករបស់បងប្អូនតាមរយៈលោកប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង និងតាមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានជំរុញជូនផ្តល់ជាថវិកានេះ ឲ្យទាន់តាមតម្រូវការនៃពេលវេលារបស់បងប្អូនកំពុងជួបការលំបាក ហើយនឹងមានត្រៀមប្រគល់ជាបន្តបន្ទាប់បន្ថែមទៀត ដល់បងប្អូនដែលជួបការលំបាកខ្វះខាត ដើម្បីជួយលើកកំពស់ជីវភាពរស់នៅឲ្យបានធូរបានមួយកម្រិតបន្ថែមទៀត ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួចប្រធានស.អ.ក ខេត្តបាត់ដំបងបានបញ្ជាក់ថា គ្រប់សមាជិកដែលជាសមាគមអតីតយុទ្ធជនក្នុងខេត្តនេះបាននៅជាប្រចាំជាមួយបងប្អូនគ្រប់ពេលវេលា ដើម្បីជួយមើលការខ្វះខាត ជាក់ស្តែងដោយផ្ទាល់គ្រប់ពេលវេលា និងក្នុងពេលនេះបានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជនចំនួន១៨សពរួមមាន ជនពិការ១២សព , និវត្តជន៦សព ដែលអញ្ជើញមកពី ក្រុងបាត់ដំបង០២សព , ស្រុកសង្កែ០១សព , ស្រុកមោងឫស្សី ០១សព, ស្រុករតនមណ្ឌល០១សព , ស្រុកថ្មគោល០១សព , ស្រុកបាណន់ ០១សព, ស្រុកឯកភ្នំ០៥សព, ស្រុកសំឡូត០៣សព, ស្រុកសំពៅលូន ០១សព, ស្រុករុក្ខគីរី ០១សព, ស្រុកគាស់ក្រឡ ០១សព សរុបជាថវិកាចំនួន១៣៦,១៤១,៦៥០រៀល (ជាង១៣៦លានរៀល) នៅលំនៅដ្ឋានរបស់សពលោក ចង់ សុភ័ណ្ឌ ស្ថិតនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ