ខេត្តព្រៃវែង ៖ ជន២នាក់រួមនឹងរថយន្តមួយគ្រឿង បានត្រូវកម្លាំងនគរបាលអន្តរាគមន៍ស្រុកស្វាយអន្ទរ សហការជាមួយនគរបាលប៉ុស្តិ៍ស្វាយអន្ទរឃាត់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធនឹងករណីលួចរថយន្តនៅផ្លូវ
ជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែ ឧសភា វេលាម៉ោង៦និង៤0នាទីព្រឹក នៅចំណុចរង្វង់មូលស្វាយអន្ទរស្ថិតក្នុងភូមិស្វាយអន្ទរខាងជើង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនទាំង២នាក់ដែលត្រូវបានឃាត់ខ្លួននេះម្នាក់ឈ្មោះ រិទ្ធ ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំកាណាឌីយ៉ា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ រ៉ា ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្លាកែតឃុំស្លាកែត ស្រុកកៀនស្វាយខេត្តកណ្តាល ។ ក្រុមជននេះ ពុំមានមុខរបរមិនពិតប្រាកដ ។ ប្រភពដដែលបន្តថា ជនទាំង២នាក់ត្រូវបានឃាត់ ខ្លួនពីបទសង្ស័យពាក់ព័ន្ធនឹងករណីលួចរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ស្ករស៊េរីឆ្នាំ១៩៩៦ ពាក់ផ្លាកពិត ភ្នំពេញ ២D-០៨៧៩ ជារបស់ឈ្មោះ វ៉ាន់ សុភ័ក្ត្រ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាកុច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រោយធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបានផ្លាស់ប្តូរផ្លាកលេខរថយន្តទៅជាផ្លាកលេខ កំពង់ឆ្នាំង ២A-១០៣០ និងបានបើកចេញពីខេត្តកណ្តាល ឆ្ពោះចេញមកកាន់ស្រុកស្វាយអន្ទរ ហើយក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចរង្វង់ស្វាយអន្ទរតែម្តង ។ ក្រោយពីចាប់ឃាត់ខ្លួន ជនទាំង២នាក់ត្រូវបាននាំខ្លួនទៅអធិការដ្ឋានដើម្បីសាកសួរ ៕
ចែករំលែកព័តមាននេះ