តាមប្រភពពីសារព័ត៌មាន «Shanghaiist» របស់ចិនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ បានផ្សាយថា ប៉ូលិសបានសម្តែងការភ្ញាក់ផ្អើលចំពោះបុគ្គលិកក្នុងរង្គសាលម្នាក់ នៅក្រុងហាងចូវ ប្រទេសចិនបានប្រទះឃើញកាបូបមួយទុកចោលនៅក្នុងហាង ហើយស្មានថាអតិថិជនប្រហែលភ្លេចកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ។
នៅពេលបើកមើលមានការភ្ញាក់ផ្អើលព្រោះឃើញប្រាក់ពេញកាបូប ធ្វើឲ្យអ្នកចាត់ការទូទៅក្នុងរង្គសាលទូរស័ព្ទហៅប៉ូលិសទៅទទួលយក ព្រោះមានភ្ញៀវភ្លេច ។ នៅពេលរាប់លុយឃើញប្រហែល២លានយាន់ ឬប្រហែល៣សែនដុល្លារ ។
ប៉ូលិសបានយកកាបូបទៅប៉ុស្តិ៍ ហើយបន្ទាប់មកយុវជនម្នាក់អាយុជាង២០ឆ្នាំ បានទៅប៉ុស្តិ៍ជាមួយនារីម្នាក់អាយុប្រហែលគ្នា រួមជាមួយបុគ្គលិកដែលឃើញកាបូបនោះផង ។ នៅពេលប៉ូលិសសួរនាំយុវជនជាម្ចាស់កាបូបថាយកប្រាក់ច្រើនបែបនេះចូលរង្គសាលក្នុងបំណងអ្វី?
គេបានឆ្លើយថា ជាប្រាក់ដែលគេយកទៅប្រគល់ឲ្យអតីតគូស្នេហ៍សម្រាប់ជាថ្លៃឈប់សេពគប់គ្នា ប៉ុន្តែនាងបានទាមទារដល់ទៅ៥លានយាន់ឯណោះ។ ទោះជាយ៉ាងណាក្តីរូបគេមានតែ២លានយាន់ទើបទុកកាបូបចោល និងដើរចេញពីរង្គសាលដោយមិននឹកស្មានថានាងទទួលយកទេ ។
នារីជាគូស្នេហ៍បញ្ជាក់ប្រាប់ប៉ូលិសថា អ្វីដែលគូស្នេហ៍រៀបរាប់គឺជាការណ៍ពិត គេប្រាប់ថាមានប្រាក់់តែ២លានយាន់ នៅពេលនាងនិយាយថាតិចពេកគេក៏ដើរចេញដោយទុកកាបូបចោលនៅទីនោះ ៕
ចែករំលែកព័តមាននេះ