រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាម
កម្ពុជាត្រូវទទួលទង់ធ្វើម្ចាស់ផ្ទះបន្តរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅឆ្នាំ២០២៣នាពេលនោះ ។ នេះជាប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ ឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅវិមានសន្តិភាពកាលពីថ្ងៃទី២៦ មេសា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍។
លោក វ៉ាត់ ចំរើន បានបន្តថា ដើម្បីជំរុញឱ្យការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ
២០២៣ទទួលបានជោគជ័យ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែរៀបចំខ្លួនឱ្យបានល្អចាប់ពីពេលនេះទៅ ។ ជាពិសេសធនធានអត្តពលិក គ្រូបង្ហាត់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងការងារកីឡាក៏ដូចជាការស្វែងរកទីផ្សារកីឡាចាប់ពីពេលនេះទៅ ។ ម្យ៉ាងវិញទៀត នៅឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនឹងធ្វើការផ្សព្វផ្សាយអំពីការរាប់ថយក្រោយ(Cauntdown) រហូតដល់ថ្ងៃប្រកួតកីឡានេះតែម្ដង ។ សម្រាប់ផែនការប្រកួតវិញ គណៈកម្មាធិការជាតិបានរៀបចំឱ្យមានការប្រជុំជាមួយផ្នែកជំនាញបច្ចេកទេស ធ្វើការវែកញែកឱ្យបានច្បាស់លាស់ទាំងការងារបច្ចេកទេស ការងាររដ្ឋបាល និងការងារហិរញ្ញវត្ថុ។
លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវសម្រាប់ឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺយកតាមលំនាំផែនទីបង្ហាញផ្លូវរបស់គណៈកមា្មធិការរៀបចំការប្រកួតប្រទេសធំៗដូចជាការប្រកួតកីឡាអូឡាំពិកហ្គេម អាស៊ីហ្គេម និងស៊ីហ្គេមដែលបណ្ដាប្រទេសមួយចំនួនធ្លាប់ធ្វើនិងទទួលបានជោគជ័យរួចមកហើយ ។ លោកបានកំណត់រួចហើយផែនទីបង្ហាញផ្លូវចាប់ពីឆ្នាំ២០១៦ដល់២០២៤ ដែលនៅក្នុងឆ្នាំ២០១៦ គឺជាឆ្នាំនៃដំណាក់កាលធ្វើផែនការមេដែលសម្រេចបានរួចរាល់អស់ហើយ ។ ឆ្នាំ២០១៧ ជាឆ្នាំសម្រេចរៀបចំគណៈកម្មាធិការជាតិរៀបចំការប្រកួត និងឆ្នាំ២០១៨យើងរៀបចំឱ្យមានអគ្គលេខាធិការដ្ឋាន និងមានការងារ៣ធំៗ សំខាន់ៗគឺ ៖
ទី ១-ដាក់ឱ្យដំណើរការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម។
ទី២-រៀបចំពិនិត្យនិងកែសម្រួល អភិវឌ្ឍគុណភាពកីឡា សមាសភាពកីឡាករ កីឡាការិនីគ្រូបង្វឹក អាជ្ញាកណ្ដាលនិង
ទី៣-ចាប់ផ្ដើមពិនិត្យមើល និងរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យការប្រកួត
មានលក្ខណៈស្តង់ដារអន្តរជាតិ។ លោកបញ្ជាក់ថា ចំណុច៣ខាងលើជាគម្រោងធំជាងគេដែលត្រូវចាប់ផ្ដើម។
ដោយឡែកនៅក្នុងឆ្នាំ២០១៩នឹងមានការប្រកួតដ៏ធំមួយ ដែលជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន ដែលពេលនោះគឺជាឱកាសរបស់គណៈកម្មាធិការ និងកីឡាករ កីឡាការិនី ធ្វើការវាស់ស្ទង់សមត្ថភាពបច្ចេកទេសលើកទី១ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ នៅក្នុងឆ្នាំ២០២១ជាដំណាក់កាលចុងក្រោយក្នុងការវាស់ស្ទង់សមត្ថភាព បច្ចេកទេសកីឡាករ-កីឡាការិនី ហើយក៏ជាឆ្នាំដែលត្រូវទៅទទួលទង់ផ្ទេរសិទ្ធិពីម្ចាស់ផ្ទះវៀតណាមដែលមានសម្ដេចប្រធានពិជ័យសេនាទៀ បាញ់ ជាអ្នកទៅទទួលទង់នេះដោយផ្ទាល់ ។
លោកបញ្ជាក់ថា ឆ្នាំ២០២១ជាឆ្នាំដែលត្រូវធ្វើការវាយតម្លៃចុងក្រោយពីសមាសភាព និងឆ្នាំ២០២២ជាឆ្នាំចុងក្រោយក្នុងការប្រកួតវាស់ស្ទង់សមត្ថភាពគ្រប់ប្រភេទកីឡា និងការវាយតម្លៃក្រោយពីការប្រកួតកីឡាស៊ីហ្គេមកាលពីឆ្នាំ២០២១កន្លងមក ដែលមានលក្ខណៈអន្តរជាតិ និងត្រូវហៅគេឱ្យមកប្រកួតនៅស្រុកយើងឱ្យបានច្រើន ដូចជាការប្រកួតជ្រើសរើសជើងឯកតាមប្រភេទកីឡានីមួយៗដើម្បីបំពេញបន្ថែមនូវអ្វីដែលខ្វះខាតទាំងការគ្រប់គ្រង ដឹកនាំ សមាសភាពកីឡាករ កីឡាការិនីឱ្យបានរួចរាល់៕
ចែករំលែកព័តមាននេះ